(ហាណូយ)៖ ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់អារ៉ាប៊ីសាអូឌីត Saudi Aramco ចង់វិនិយោគលើវិស័យចម្រាញ់ប្រេង និងចែកចាយប្រេងឥន្ធនៈ នៅក្នុងប្រទេសវៀតណាម។ នេះបើតាមការឱ្យដឹងពីរដ្ឋាភិបាលវៀតណាម នៅថ្ងៃអង្គារ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។

ការប្រកាសនេះ បានធ្វើឡើង បន្ទាប់ពីមានកិច្ចប្រជុំមួយ រវាងនាយករដ្ឋមន្ត្រី Pham Minh Chinh និងប្រធានប្រតិបត្តិក្រុមហ៊ុន Saudi Aramco លោក Amin Al-Nasser នៅទីក្រុង Riyadh អំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Chinh ទៅកាន់តំបន់មជ្ឈិមបូព៌ា។

«វៀតណាម មានសក្តានុពលដ៏អស្ចារ្យ នៅក្នុងតំបន់, ក្រុមហ៊ុន Aramco មានបំណងចង់វិនិយោគការចម្រាញ់ប្រេង និងចែកចាយប្រេង នៅក្នុងប្រទេស», នេះបើតាមរដ្ឋាភិបាលវៀតណាម បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ក្រុមហ៊ុន Aramco បានជំរុញដល់អាជ្ញាធរបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ជាមួយដៃគូវៀតណាម។

មិនទាន់មានការបញ្ជាក់ពីពេលវេលាច្បាស់លាស់ ឬក៏ទំហំនៃការវិនិយោគ នៅឡើយនោះទេ។

ក្រុមហ៊ុននេះ បាននិងកំពុងលក់ប្រេងឆៅ ទៅកាន់ប្រទេសវៀតណាម, ប៉ុន្តែមិនទាន់មានការវិនិយោគណាមួយ នៅក្នុងប្រទេសនេះនៅឡើយទេ។

នៅថ្ងៃអង្គារ, ក្រុមហ៊ុន Aramco និងក្រុមហ៊ុន Vietnam Oil and Gas Group បានចុះអនុស្សារណៈមួយ ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យជួញដូរប្រេង និងឧស្ម័ន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាលវៀតណាម។

ក្រុមហ៊ុន Saudi Aramco ភ្លាមៗនេះ មិនទាន់សុំការបកស្រាយបាននៅឡើយទេ៕