(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានណែនាំឱ្យក្រុមហ៊ុនវាយតម្លៃ បញ្ឈប់ការផ្តល់សេវាកម្មវាយតម្លៃបឋម (IOV) ជូនអតិថិជនដែលជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទៅលើតម្លៃអចលនវត្ថុ
យោងតាមសេចក្តីជូនដំណឹងរបស់ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ
បានឱ្យដឹងថា កន្លងមក ន.អ.ប. សង្កេតឃើញថា ក្រុមហ៊ុនវាយ តម្លៃមួយចំនួនបានធ្វើការ ផ្តល់សេវាកម្មវាយតម្លៃបឋម (IOV) ជូនអតិថិជនរបស់ខ្លួនដែលជាគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ។ ការផ្តល់សេវាកម្មវាយតម្លៃបឋមនេះ គឺជាការប៉ាន់ស្មានតម្លៃប្រហាក់ប្រហែលនៃអចលនវត្ថុ ដោយមិនបាន ចុះធ្វើការសិក្សាវាយតម្លៃអចលនវត្ថុជាក់ស្តែងដែលខុសពីនិយាមវិជ្ជាជីវៈ។
ម៉្យាងវិញទៀត ទិន្នន័យតម្លៃអចលនវត្ថុ មិន មានសុក្រឹតភាព មានភាពលំអៀងខ្ពស់ និងមិនត្រូវបានទទួលខុសត្រូវដោយអ្នកវាយតម្លៃឡើយ។ ដូច្នេះ ការផ្តល់សេវាកម្ម វាយតម្លៃបឋមនេះ មិនអាចធានាបាននូវសមត្ថភាពវិជ្ជាជីវៈ និងគុណភាពនៃការផ្តល់សេវាកម្មរបស់អ្នកវាយតម្លៃ ធ្វើឱ្យបាត់បង់ជំនឿទុកចិត្តក្នុងទីផ្សារសេវាកម្មវាយតម្លៃ និងអាចបង្កឱ្យមានហានិភ័យក្នុងទីផ្សារអចលនវត្ថុនៅកម្ពុជា។
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានណែនាំដល់ ម្ចាស់ក្រុមហ៊ុនវាយតម្លៃទាំងអស់បញ្ឈប់ការផ្តល់ សេវាកម្មវាយតម្លៃបឋមជូនអតិថិជនរបស់ខ្លួន ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះតទៅ។ ក្នុងករណីពិនិត្យឃើញថា មានក្រុមហ៊ុនវាយតម្លៃណាមួយនៅតែអនុវត្តផ្ទុយពីខ្លឹមសារនៃសេចក្តីណែនាំនេះ ន.អ.ប. នឹងចាត់វិធានការទៅតាម ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕