(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បានលើកទឹកចិត្ដដល់ប្រជាពលរដ្ឋ ចេះគិតពិចារណា មុននឹងសម្រេចចិត្ដជឿអ្វីមួយក្នុងប្រព័ន្ធអ៉ីនធើណេត ជៀសវាងការចាញ់បោក។
ការលើកឡើងរបស់ឧត្ដមសេនីយ៍ទោ សុខ នីត្យា ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការដោះសា្រយបណ្តឹងលើការ គំរាមកំហែងតាមប្រព័ន្ធអ៉ីនធើណិត។
ឧត្ដមសេនីយ៍ទោ សុខ នីត្យា បានថ្លែងថា សូមស្នើឲ្យពលរដ្ឋចេះវិភាគ សិក្សាអំពីព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ កុំសូវជឿជាក់លើអ្នកដទៃពេក ត្រូវជឿជាក់លើព័ត៌មានដែលចេញដោយរាជរដ្ឋាភិបាល ដូចយើងធ្លាប់ឃើញហើយថា មានព័ត៌មានក្លែងក្លាយច្រើនណាស់ ដែលប្រកាសលើអ៊ិនធើណេត។
ឧត្ដមសេនីយ៍ទោ សុខ នីត្យា បានបញ្ជាក់ថា ដើម្បីការពារខ្លួនប្រជាពលរដ្ឋត្រូវតែ ដាក់ទីតាំងឲ្យបានច្បាស់លាស់ នៅលើប្រព័ន្ធដូចជា Facebook, TikTok ជាដើម ព្រោះការណាយើងកំណត់ច្បាស់លាស់ហើយ នោះនឹងជួយការពារកុំឲ្យអ្នកដទៃលួច ប្រើប្រាស់របស់យើងបាន។
ឧត្ដមសេនីយ៍ទោ សុខ នីត្យា បន្ដថា កត្តាមួយទៀត គឺការបញ្ជូនលីងផ្សេងៗដើម្បីចុចចូល ដើម្បីទទួលបានប្រាក់ពីធនាគារជាដើម ចំពោះបញ្ហានេះសូមបងប្អូនប្រុងប្រយ័ត្ន ព្រោះថា មិនមានធនាគារណាមួយ ផ្ដល់នូវលីងព័ត៌មានដល់អតិថិជន ដើម្បីចុចចូលនោះទេ។
កត្តាសំខាន់មួយទៀត គឺការទិញលក់គណនី កន្លងមកការឆបោកមានតាមរយៈ ការកម្ចីកុងដើម្បីប្រើប្រាស់ ដូច្នេះចំណុចនេះសូមប្រុងប្រយ័ត្នទាំងអស់គ្នា៕