(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បានលើកឡើងអំពីបញ្ហាស្មុគស្មាញមួយចំនួន ដែលជនល្មើសទិញគណនីធនាគារ ពីប្រជាពលរដ្ឋ ដើម្បីយកទៅឆបោក។

​លោកថា ដើម្បីទប់ស្កាត់ការឆបោកប្រជាពលរដ្ឋ ត្រូវមានការចូលរួមទាំងភាគីឯកជន និងស្ថាប័នរដ្ឋចូលរួមណែនាំពន្យល់ ដល់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យានេះ។

ការលើកឡើងរបស់ឧត្ដមសេនីយ៍ទោ សុខ នីត្យា ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការដោះសា្រយបណ្តឹងលើការ គំរាមកំហែងតាមប្រព័ន្ធអ៉ីនធើណិត»៕

ឧត្ដមសេនីយ៍ទោ សុខ នីត្យា បានថ្លែងថា ជាការពិតប្រទេសកម្ពុជា មានការរីកចម្រើនខ្លាំង លើការប្រើប្រាស់បច្ចេកវិទ្យា ក្នុងនោះអំឡុងពេលជំងឺកូវីដ១៩ បានផ្ទុះឡើង។ ការប្រើប្រាស់ប្រព័ន្ធ QR Code ក្នុងប្រព័ន្ធធនាគារមានការកើនឡើងជាគំហុក​ ប៉ុន្ដែភាពងាយស្រួលនៃប្រព័ន្ធបច្ចេកទេសនេះ ក៏បង្កហានិភ័យផងដែរ ដោយសារតែការទូទាត់ទាំងឡាយ គឺមិនទៅកាន់ធនាគារដោយផ្ទាល់ឡើយ ការដែលមិនទៅកាន់ធនាគារដោយផ្ទាល់នេះ ក៏ជាឱកាសដល់ជនល្មើស ក្នុងការឈរបោក តាមបែបបច្ចេកវិទ្យានេះ។

ឧត្ដមសេនីយ៍ទោ សុខ នីត្យា បានបញ្ជាក់ថា ចំពោះការឈរបោក គឺកើតមានឡើងច្រើន ចំពោះបងប្អូនប្រជាពលរដ្ឋយើង រស់នៅតាមទីជនបទ ដោយឲ្យពលរដ្ឋទៅបង្កើតកុងធនាគារ​ដាក់ប្រាក់ជាដើម។

ឧត្ដមសេនីយ៍ទោបានបន្ថែម ដើម្បីដោះស្រាយនូវបញ្ហានេះ អគ្គស្នងការនគរបាលជាតិ មិនអាចដោះស្រោយបានដោយខ្លួនឯងទេ គឺទាមទារ ឲ្យមានការចូលរួមពីស្ថាប័នធនាគារជាតិ, វិស័យឯកជន ឬក្រុមហ៊ុនទូរស័ព្ទជាដើម និងព្យាយាមពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋ ពីសុខសុវត្ថិភាពនៃការប្រើប្រាស់៕

សូមទស្សនាការលើកឡើងរបស់លោក សុខ នីត្យា ដូចខាងក្រោម៖