(កំពង់ស្ពឺ)៖ លោក ឡាយ សុខហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា លើកទឹកចិត្តដល់សាធារណជនឲ្យចេះសន្សំប្រាក់ ជាពិសេសសន្សំជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ ដែលនឹងជួយបំពេញតម្រូវការ ហិរញ្ញវត្ថុនាពេលអនាគត និងជាការរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាប្រភពមូលធន សម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុ របស់វិនិយោគិនក្នុងប្រទេស។

ការលើកឡើងរបស់លោក ឡាយ សុខហេង ធ្វើឡើងលើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ទិវាសន្សំអាស៊ាន ក្រោមប្រធានបទ «សារៈសំខាន់នៃការសន្សំប្រាក់តាំងពីវ័យកុមារ» នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។

លោកបានថ្លែងថា «ការសន្សំប្រាក់ គឺជាសំណាញ់ហិរញ្ញវត្ថុដ៏សំខាន់ និងចាំបាច់សម្រាប់ឆ្លើយតបទៅនឹងបញ្ហា និងតម្រូវការហិរញ្ញវត្ថុបន្ទាន់ ដែលឥតបាន ព្រៀងទុកនាពេលអនាគត ហើយក៏ជាផ្នែកមួយនៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់បុគ្គល និងគ្រួសារ ដើម្បីធានាបាននូវស្ថិរភាពហិរញ្ញវត្ថុ។ បញ្ហានេះអាចសន្សំប្រាក់នៅតាមផ្ទះ ក្នុងទូដែកសុវត្ថិភាព ឬក្នុងកូនជ្រូកសន្សំជាដើម ប៉ុន្តែការសន្សំដែលល្អប្រពៃនោះ គឺការសន្សំ ប្រាក់ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ ដែលហៅថា ប្រាក់បញ្ញើសន្សំ»

លោកលើកឡើងថា ការដាក់ប្រាក់បញ្ញើសន្សំ តាមគ្រឹះស្ថានផ្លូវការ នាំឱ្យយើងនូវអត្ថប្រយោជន៍ដូចជា ផ្តល់នូវការថែរក្សា និងការពារប្រាក់សន្សំ ប្រកបដោយសុវត្ថិភាព, ផ្តល់នូវចំណូលការប្រាក់សន្សំបន្ថែម, ទទួលបាននូវកិច្ច ការពារតាមផ្លូវច្បាប់, និងផ្តល់លទ្ធភាពដល់ការរៀបចំគម្រោងហិរញ្ញវត្ថុ សម្រាប់អនាគតច្បាស់លាស់។

លោកបានបញ្ជាក់ថា លើសពីនេះនៅពេលសន្សំ ជាមួយគ្រឹះស្ថានផ្លូវការមានន័យថា បានចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយសារប្រាក់បញ្ញើសន្សំទាំងនេះ គឺជាប្រភពមូលធនដ៏សំខាន់មួយ សម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុ របស់វិនិយោគិនក្នុងប្រទេស។

ដោយមើលឃើញអំពីសារៈសំខាន់ និងភាពចាំបាច់ក្នុងការជំរុញវប្បធម៌សន្សំ តាមគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ដែលមានទិសដៅបង្កើនលទ្ធភាព ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ មានគុណភាពកាត់បន្ថយអត្រាស្រី្ត ដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុ និងពង្រីកការប្រើប្រាស់ សេវាហិរញ្ញវត្ថុផ្លូវការ ព្រមទាំងធ្វើឱ្យប្រសើរទ្បើងនូវសុខុមាលភាពគ្រួសារ និងគាំទ្រកំណើនសេដ្ឋកិច្ច។

លោកបានបន្ថែមថា យុទ្ធសាស្ត្រជាតិនេះក៏ផ្តោតលើការលើកទឹកចិត្ត និងការជំរុញឱ្យប្រជាពលរដ្ឋ ធ្វើការសន្សំជាមួយធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើផងដែរ។

លោក ឡាយ សុខហេង បានលើកទឹកចិត្តដល់សាធារណជន ធ្វើការសន្សំប្រាក់ ជាពិសេសជាមួយគ្រឹះ ស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ សូមគិតថា ការបង្កើតទម្លាប់សន្សំប្រាក់ជាប្រចាំ អាចនឹងពិបាក ប៉ុន្តែផលដែលទទួល បានពីការសន្សំនេះពិតជាមានតម្លៃ។

ទម្លាប់សន្សំទៀងទាត់ទោះតិចក្តី ឬច្រើនក្ដី នឹងជួយបំពេញតម្រូវការហិរញ្ញវត្ថុបន្ទាន់ នាពេលអនាគត សម្រាប់ខ្លួនឯង និងមនុស្សជាទីស្រលាញ់។ ម្យ៉ាងវិញទៀតលោកក៏បានលើកទឹកចិត្ត ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តពង្រឹងប្រតិបត្តិការ និងពង្រីកវិសាលភាពនៃ ការផ្ដល់សេវាហិរញ្ញវត្ថុ ស្របតាមតម្រូវការ ប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវខ្ពស់ ដើម្បីទទួលបានទំនុកចិត្តពីសាធារណជនបន្ថែមទៀត៕