(ភ្នំពេញ)៖ បើទោះបីជាប្រទេសន័រវេស បានអនុញ្ញាតឱ្យកម្ពុជានាំចេញទំនិញទៅទីផ្សាររបស់ខ្លួន ដោយរួចពន្ធ តាំងពីអំឡុងឆ្នាំ២០០៤ តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ GSP ក៏ប៉ុន្តែគិតមកទល់បច្ចុប្បន្ននេះ ការនាំចេញទៅទីផ្សារនេះ មានទំហំតិចតួចប៉ុណ្ណោះ។

បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា កម្ពុជាទទួលបានភាពអនុគ្រោះពន្ធ ពីប្រទេសន័រវេស នាអំឡុងឆ្នាំ២០០៤ បន្ទាប់ពីការចូលជាសមាជិកពេញលេញ នៅក្នុងអង្កការពាណិជ្ជកម្មពិភពលោក (WTO)។ ការទទួលបាននេះ ធ្វើឡើងស្របតាមប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក (Enabling Clause) ដែលអនុញ្ញាតឱ្យប្រទេសអភិវឌ្ឍន៍ ផ្ដល់ជូននូវប្រព័ន្ធអនុគ្រោះ (GSP) ជូនដល់បណ្តាប្រទេស មានការអភិវឌ្ឍតិចតួច (LDCs) ដែលជាសមាជិកអង្គការនេះ។

ក្នុងនាមជាប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកម្ពុជាទទួលបានការអនុគ្រោះពន្ធ GSP របស់ន័រវេស ចំពោះគ្រប់មុខទំនិញនាំចេញទាំងអស់ លើកលែងគ្រឿងសព្វាវុធ។ ដើម្បីអាចនាំចេញទំនិញទៅប្រទេសនេះ ដោយរួចពន្ធក្រោមក្របខណ្ឌប្រព័ន្ធអនុគ្រោះ (GSP) លោក ប៉ែន សុវិជាតិ បានប្រាប់នូវនិតិវិធីមួយចំនួន ដែលអ្នកនាំចេញត្រូវអនុវត្ត។

លោកបានពន្យល់ថា បច្ចុប្បន្ននេះ ប្រទេសន័រវេសបានអនុវត្តដូចទៅនឹងសហភាពអឺរ៉ុបដែរ ដោយប្រើប្រាស់ប្រព័ន្ធហៅថា Registered Exporter (ឬ REX System)។ ចំពោះអ្នកនាំចេញ ដែលមានបំណងនាំចេញទៅប្រទេសន័រវេស អាចស្នើសុំចុះឈ្មោះចូលរួមប្រើប្រាស់ប្រព័ន្ធនេះ នៅក្រសួងពាណិជ្ជកម្ម ឬប្រើប្រាស់លេខចុះបញ្ជីអ្នកនាំចេញ (REX Number) ដែលមានរួចស្រាប់ សម្រាប់ការនាំចេញទៅសហភាពអឺរ៉ុប។ ប្រព័ន្ធ REX នេះអនុញ្ញាតឱ្យអ្នកនាំចេញ អាចបញ្ជាក់ពីដើមកំណើតនៃទំនិញនាំចេញ ដោយខ្លួនឯង តាមរយៈឯកសារសំអាងដើមកំណើត ដែលមានដូចជាវិក័យប័ត្រ និងបញ្ជីវេចខ្ចប់ (Packing List) ជាដើម។

ឯកសារសំអាងដើមកំណើតនេះផងដែរ អ្នកនាំចេញអាចធ្វើការប្រកាសបានដោយខ្លួនឯងផ្ទាល់នៅ ក្នុងប្រព័ន្ធ REX System តែម្តង។ អ្នកនាំចេញរបស់កម្ពុជា ដែលមានបំណងចង់នាំចេញទំនិញទៅទីផ្សារន័រវេស ហើយចង់ស្វែងយល់បន្ថែមពីប្រព័ន្ធ REX អាចទាក់ទងមកមន្ត្រីជំនាញ នៃក្រសួងពាណិជ្ជកម្ម ឬសាកសួរតាមរយៈ Hotline 1266។

យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងន័រវេស មានប្រមាណ ៧លានដុល្លារ ក្នុងនោះការនាំចេញពីកម្ពុជា មានទំហំប្រមាណ ៦លានដុល្លារអាមេរិក។ ចំណែករយៈពេល ៩ខែនៃឆ្នាំ២០២៤នេះ ប្រទេសទាំងពីរសម្រេចបាន ទំហំពាណិជ្ជកម្មទ្វេភាគីប្រមាណ ៥លានដុល្លារ។

ទំនិញដែលកម្ពុជានាំចេញទៅទីផ្សារន័រវេសរួមមាន៖ សម្លៀកបំពាក់, កង់, ស្បែកជើង និងស្រោមជើង, កាហ្វេ និងថ្មមានតម្លៃ។ល។ រីឯទំនិញនាំចូលមានដូចជា ក្រដាសនិងក្រដាសកាតុង, គ្រឿងម៉ាស៊ីន, ភេសជ្ជៈ និងឧបករណ៍វេជ្ជសាស្ដ្រ។ល៕