(ភ្នំពេញ)៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ ចំនួនប្រជាពលរដ្ឋដែលបានដាក់ប្រាក់សន្សំ (បញ្ញើ) ក្នុងប្រព័ន្ធធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានសរុបចំនួនជាង ២៣លានគណនី ដែលស្មើនឹងទឹកប្រាក់ ៥៤ប៊ីលានដុល្លារអាមេរិក។ នេះបើតាមការថ្លែងរបស់ប្រធានសមាគមធនាគារនៅកម្ពុជា (ABC) និងប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)។

ក្នុងទិវាសន្សំអាស៊ាន ឆ្នាំ២០២៤ ក្រោមប្រធានបទ «សារៈសំខាន់នៃការសន្សំប្រាក់តាំងពីវ័យក្មេង» រៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងថា យោងតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារបានកើនឡើងជិត ៦% ឬប្រមាណជាង៨៨ប៊ីលានដុល្លារអាមេរិក។

ក្នុងនោះវិស័យធនាគារមានជាង៩៥% នៃទ្រព្យសកម្មប្រព័ន្ធធនាគារវិស័យមីក្រូហិរញ្ញវត្ថុមានចំណែក ៣.៦% និងវិស័យភតិសន្យាហិរញ្ញវត្ថុ ០.៥%។ ឥណទានអតិថិជនកើនឡើងប្រមាណជា ២.៦% ដែលគិតជាទឹកប្រាក់ប្រមាណជិត ៥៩ប៊ីលានដុល្លារអាមេរិក ដោយមានចំនួន៤លានគណនី។

លោកបញ្ជាក់បន្ថែមថា ទន្ទឹមនេះប្រាក់បញ្ញើអតិថិជន ក៏បានកើនឡើងគួរឱ្យកត់សម្គាល់ ជាមួយនឹងកំណើនជិត ១៣.៤% ឬប្រមាណជាង ៥១.៩ប៊ីលានដុល្លារអាមេរិក ដោយចំនួនគណនីប្រាក់បញ្ញើអតិថិជនបានកើនឡើងដល់ ២១.៣ លានគណនីនៅក្នុងវិស័យធនាគារ។

លោកថា «ការកើនឡើងនូវប្រាក់បញ្ញើរបស់អតិថិជន ក្នុងគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ បានបង្ហាញពីជំនឿទុកចិត្តរបស់សាធារណជន មកលើប្រព័ន្ធធនាគារនៅកម្ពុជា»

លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទាំង ៤គ្រឹះស្ថាន ទទួលប្រាក់បញ្ញើសរុបបានចំនួនជាង ២២១០ លានដុល្លារអាមេរិក, កើនឡើងប្រមាណ ៤%ធៀបនឹងឆ្នាំមុន ពីអតិថិជនប្រមាណ ១.៩៩លាននាក់។

លោកស្រីរំពឹងថា ចំនួនប្រាក់បញ្ញើនេះ នឹងបន្តកើនឡើងជាលំដាប់ផងដែរ តាមរយៈសេវាកម្មដែលមានភាពច្នៃប្រឌិត និងងាយស្រួលសម្រាប់ប្រជាលរដ្ឋក្នុងការប្រើប្រាស់។

លោកស្រីបាន​បន្ថែមថា សម្រាប់កម្មវិធីថ្ងៃនេះ នឹងចូលរួមលើកកម្ពស់បន្ថែមមួយកម្រិតទៀតនូវវប្បធម៌ និងទម្លាប់សន្សំ ដែលនឹងជួយដល់ ការកៀរគរប្រាក់សន្សំ និងការចាត់ចែងលុយកាស កាន់តែមានភាពប្រសើរឡើងក្នុងចំណោមប្រជាពលរដ្ឋខ្មែរ។

លោក រ័ត្ន សោភ័ណ និងលោកស្រី ឌិត នីតា បានអំពាវនាវ និងលើកទឹកចិត្តដល់សាធារណជនទូទៅឱ្យបន្ត និងបង្កើនការអនុវត្តទម្លាប់សន្សំ ជាពិសេសសន្សំជាមួយស្ថាប័នហិរញ្ញវត្ថុផ្លូវការ ដើម្បីទទួលបាននូវអត្ថប្រយោជន៍នានា និងចៀសវាងហានិភ័យផ្សេងៗ៕