(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីចិនលោក លី ឈាង (Li Qiang) បាននិយាយកាលពីថ្ងៃអង្គារថា លោក «មានទំនុកចិត្តទាំងស្រុង» ថា ប្រទេសចិននឹងសម្រេច បានទិសដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំនេះ ដោយលោកបានកោតសរសើរ ចំពោះវិធានការជំរុញសេដ្ឋកិច្ចថ្មីៗ និងបានលើកឡើងថា លំហរសម្រាប់ការចាត់វិធានការបន្ថែមទៀត នៅតែមាន។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ទីក្រុងប៉េកាំងបានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចប្រហែល ៥ភាគរយសម្រាប់ឆ្នាំ២០២៤ ប៉ុន្តែនៅក្នុងត្រីមាសទី៣ ប្រទេសចិនបានជួបប្រទះកំណើនសេដ្ឋកិច្ចយឺតបំផុតរបស់ខ្លួនក្នុងរយៈពេលមួយឆ្នាំកន្លះ ដោយសារការស្ទុះងើបសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតកូវីដនៅតែមិនតុល្យភាព។

រដ្ឋាភិបាលចិនបានប្រកាសដាក់ចេញវិធានការមួយចំនួនក្នុងគោលបំណងជំរុញសកម្មភាពសេដ្ឋកិច្ច រួមទាំងការកាត់បន្ថយអត្រាការប្រាក់ និងការបន្ធូរបន្ថយវិធានការរឹតបន្តឹងការទិញផ្ទះមួយចំនួន ប៉ុន្តែអ្នកវិភាគបានរិះគន់ការខ្វះខាតព័ត៌មានលម្អិតដោយមិនអាចរកបានរហូតមកដល់ពេលនេះ។

ក្រុមអ្នកសង្កេតការណ៍សង្ឃឹមថា តួលេខជាក់លាក់សម្រាប់វិធានការជំរុញកំណើនសេដ្ឋកិច្ចនេះអាចនឹងប្រកាសនៅក្នុងកិច្ចប្រជុំនៅសប្តាហ៍នេះរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន (NPC) ដែលជាស្ថាប័នកំពូលនៃសភារបស់ប្រទេសចិននៅទីក្រុងប៉េកាំង។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោកនាយករដ្ឋមន្ត្រី លី ខណៈថ្លែងកាលពីថ្ងៃអង្គារនៅឯពិធីបើកពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិដ៏ធំមួយនៅទីក្រុងសៀងហៃថា៖ «យើងមានទំនុកចិត្តទាំងស្រុងក្នុងការសម្រេចបានទិសដៅសេដ្ឋកិច្ចក្នុងឆ្នាំនេះ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិននាពេលអនាគត»

នាយករដ្ឋមន្ត្រីដែលមានទំនួលខុសត្រូវជាផ្លូវការចំពោះគោលនយោបាយសេដ្ឋកិច្ច បានលើកឡើងថា អាជ្ញាធរនៅតែមានលំហរក្នុងការចាត់វិធានការនៅពេលដែលវាឈានដល់ពេលវេលាដែលត្រូវគារវិធានការបន្ថែម។

លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា៖ «នៅចំពោះមុខសម្ពាធសេដ្ឋកិច្ចដែលធ្លាក់ចុះ យើងចាំបាច់ត្រូវបង្កើនការកែសម្រួលប្រឆាំងនឹងវដ្តធ្លាក់ចុះ»។ លោកបន្តថា៖ «មានលំហូរធំទូលាយសម្រាប់គោលនយោបាយហិរញ្ញវត្ថុ និងរូបិយវត្ថុ ហើយឧបករណ៍គោលនយោបាយក៏មានច្រើនថែមទៀតដែរ»