(គូឡាឡាំពួ)៖ ធនាគារកណ្តាលរបស់ប្រទេសម៉ាឡេស៊ីបានរក្សាអត្រាការប្រាក់គោលរបស់ខ្លួននៅដដែលកាលថ្ងៃពុធសប្តាហ៍នេះស្របតាមការរំពឹងទុករបស់ទីផ្សារក្នុងគ្រាដែលមានចក្ខុវិស័យកំណើនសេដ្ឋកិច្ចវិជ្ជមាន និងមានស្ថិរភាពអតិផរណា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ក្នុងកិច្ចប្រជុំគោលនយោបាយចុងក្រោយរបស់ខ្លួនក្នុងឆ្នាំ២០២៤ ធនាគារ Negara Malaysia (BNM) ដែលជាធនាគារកណ្តាលម៉ាឡេស៊ីបានរក្សាអត្រាការប្រាក់គោលនយោបាយសម្រាប់កម្ចីរយៈពេញមួយយប់របស់ខ្លួននៅអត្រា ៣ភាគរយដដែល ដែលអត្រានេះរក្សានៅកម្រិតនេះតាំងពីខែឧសភា ឆ្នាំ២០២៣មក។ សេដ្ឋវិទូក្នុងការស្ទង់មតិដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន Reuters រំពឹងថា ធនាគារកណ្តាលម៉ាឡេស៊ីនឹងរក្សាអត្រាការប្រាក់នេះនៅដដែលរហូតដល់យ៉ាងហោចណាស់ឆ្នាំ២០២៦។

ធនាគារកណ្តាលម៉ាឡេស៊ីបានឱ្យដឹងថា សូចនាករចុងក្រោយបំផុតចង្អុលបង្ហាញឆ្ពោះទៅរកភាពរឹងមាំប្រកបដោយនិរន្តរភាពនៅក្នុងសកម្មភាពសេដ្ឋកិច្ចដែលជំរុញដោយការចំណាយក្នុងស្រុកដែលមានភាពធន់ និងសកម្មភាពនាំចេញខ្ពស់ជាងមុន។ ធនាគារកណ្តាលបានឱ្យដឹងទៀតថា អតិផរណារួមនិងអតិផរណាស្នូលនៅតែមានកម្រិតទាបដែលជាមធ្យមមានអត្រា ១,៨ភាគរយរហូតមកដល់ពេលនេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានចេញផ្សាយដោយធនាគារកណ្តាលម៉ាឡស៊ីថា៖ «ចូលដល់ឆ្នាំ២០២៥ អតិផរណាត្រូវបានរំពឹងថានឹងនៅតែអាចគ្រប់គ្រងបានក្នុងគ្រាដែលមានភាពស្រាលនៃស្ថានភាពចំណាយសកល និងអវត្តមានសម្ពាធតម្រូវការក្នុងស្រុកខ្លាំង»។ ទោះជាយ៉ាងណា ធនាគារបានព្រមានថា ចក្ខុវិស័យអតិផរណានៅតែស្ថិតក្រោមឥទ្ធិពលនៃគោលនយោបាយរបស់រដ្ឋាភិបាល៕