(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃសុក្រសប្តាហ៍នេះ បានបង្ហាញផែនការប្រកបដោយមហិច្ឆិតាបំផុតមួយចំនួន របស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំ ដើម្បីស្តារស្ថានភាពបំណុលរបស់រដ្ឋាភិបាលមូលដ្ឋាន បន្ទាប់ពីកិច្ចប្រជុំរបស់សមាជិកសភា ដែលមើលឃើញភាពអាចកើតមានភាពតានតឹងផ្នែកពាណិជ្ជកម្មកាន់តែខ្លាំង ជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា យោងតាមរដ្ឋាភិបាលក្រុងប៉េកាំង រដ្ឋាភិបាលមូលដ្ឋានក្នុងប្រទេសចិនប្រឈមមុខបន្ទុកបំណុលចំនួន ៥,៦ពាន់ពាន់លានដុល្លារអាមេរិក ដែលបង្កើនការព្រួយបារម្ភអំពីស្ថិរភាពសេដ្ឋកិច្ចកាន់តែខ្លាំង។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានដាក់តួលេខនេះថាមានចំនួន ៨,៤ពាន់ពាន់លានដុល្លារកាលពីឆ្នាំមុន។
អ្នកបង្កើតគោលនយោបាយដែលបានប្រមូលផ្តុំគ្នា នៅទីក្រុងប៉េកាំងក្នុងសប្តាហ៍នេះ បានបោះឆ្នោតផ្លាស់ប្តូរបំណុលលាក់បាំង ពោលគឺមានន័យជាការបោះផ្សាយបំណុលថ្មី ដើម្បីយកសងបំណុលដែលមានស្រាប់។ បំណុលលាក់បាំងគឺជាបំណុលដែលរដ្ឋាភិបាលខ្ចី ប៉ុន្តែមិនត្រូវបានបង្ហាញដល់ប្រជាពលរដ្ឋរបស់ខ្លួន ឬម្ចាស់បំណុលផ្សេងទៀតទេ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា កម្រិតកំណត់បំណុលរបស់រដ្ឋាភិបាលមូលដ្ឋាននឹងត្រូវដំឡើងចំនួន ៦ពាន់ពាន់លានយន់ (៨៤០ពាន់លានដុល្លារ) ដែលនឹងត្រូវបានប្រើដើម្បីសងបំណុលលាក់បាំងដែលកំពុងជំពាក់ ផ្តល់ជាសាច់ប្រាក់សម្រាប់រដ្ឋាភិបាលមូលដ្ឋានដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង និងការពារជីវភាពរស់នៅរបស់ប្រជាជន។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិនលោក Lan Fo'an បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា ការផ្លាស់ប្តូរបំណុលនេះត្រូវបានធ្វើឡើងបន្ទាប់ពី «បានពិចារណាយ៉ាងពេញលេញអំពីបរិយាកាសអភិវឌ្ឍន៍អន្តរជាតិ និងក្នុងស្រុក ដោយធានាប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុឱ្យមានភាពរលូន»។
លោកបានសារភាពថា៖ «ចាប់តាំងពីដើមឆ្នាំនេះមក ស្ថានភាពនិងបញ្ហាថ្មីៗមួយចំនួនបានកើតមានឡើងក្នុងប្រតិបត្តិការសេដ្ឋកិច្ច»។ លោក Lan បានពន្យល់ថា ពិដានបំណុលនឹងត្រូវបានដំឡើងរៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ដែលអាចមានការបោះផ្សាយបំណុលថ្មី ដើម្បីសងបំណុលលាក់បាំងសរុបចំនួន ៥៥៨ពាន់លានដុល្លារអាមេរិក។
លោកបានបន្ថែមថា ទឹកប្រាក់ចំនួន ១១២ពាន់លានដុល្លារ «នឹងត្រូវទទួលបានពីការបោះផ្សាយមូលបត្របំណុលពិសេសថ្មីរបស់រដ្ឋាភិបាលមូលដ្ឋាន ជារៀងរាល់ឆ្នាំសម្រាប់រយៈពេលប្រាំឆ្នាំជាប់ៗគ្នា ដើម្បីបន្ថែមធនធានហិរញ្ញវត្ថុរបស់រដ្ឋាភិបាល»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕