(សិង្ហបុរី)៖ មហាសេដ្ឋីភ្លែតហ្វមពាណិជ្ជកម្មអេឡិចត្រូនិក Shopee បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រជាប្រិយភាពនៃការទិញទំនិញតាមអ៊ីនធឺណិត នៅតំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសសិង្ហបុរីនៅមានកម្រិតទាបនៅឡើយ បើធៀបនឹងទីផ្សារនានា ដូចជាសហរដ្ឋអាមេរិកនិងប្រទេសចិន។ នេះបើយោងតាមកាសែត Channel News Asia។

មហាសេដ្ឋីលោក Forrest Li បានប្រាប់កាសែត Channel News Asia នៅឯកម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ក្នុងប្រទេសសិង្ហបុរីថា៖ «វិធីដើម្បីឱ្យពាណិជ្ជកម្មអេឡិចត្រូនិចរីកលូតលាស់គឺគ្រាន់តែធ្វើឱ្យផលិតផលរបស់យើងកាន់តែថោក និងងាយស្រួលទិញទៅបានហើយ»។

ក្រោពីភ្លែតហ្វមទិញទំនិញអនឡាញ លោក Li ក៏មានប្រតិបត្តិការភ្លែតហ្វមហ្គេម Garena ស្ថិតក្រោមក្រុមហ៊ុនមេ Sea Group ដែលចុះបញ្ជីនៅផ្សារហ៊ុនក្រុងញូវយ៉ក និងដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។

លោកមានប្រសាសន៍ថា៖ «នៅមានផ្លូវដើរដ៏វែងឆ្ងាយទៀត… យើងកំពុងផ្តល់សេវាដល់ … អតិថិជនរាប់រយលាននាក់ជារៀងរាល់ថ្ងៃ។ ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយវាអាចមានលើសពីមួយពាន់លាននាក់»។

លោក Li ដែលអ្នកច្នៃប្រឌិតបច្ចេកវិទ្យាមួយរូបបាននិយាយថា គាត់កំពុងសម្លឹងមើលពីរបៀបប្រើប្រាស់បច្ចេកវិទ្យាដែលកំពុងរីកចម្រើននានាដូចជា បញ្ញាសិប្បនិម្មិត និង blockchain ជាដើមដើម្បីបម្រើអតិថិជនឱ្យកាន់តែប្រសើរឡើង។

លោកមានប្រសាសន៍ថា៖ «យើងចង់ចូលរួមចំណែកក្នុងការអភិវឌ្ឍបច្ចេកវិទ្យាទាំងនោះ ប៉ុន្តែយើងក៏ចង់ផ្តោតលើកម្មវិធី និងរបៀបប្រើប្រាស់បច្ចេកវិទ្យានេះ និងដើម្បីផ្លាស់ប្តូរវាទៅជាផលិតផលប្រចាំថ្ងៃ និងសេវាកម្មដែលមនុស្សអាចទទួលបានអត្ថប្រយោជន៍ផងដែរ»។

លោក Li បានទទួលស្គាល់បញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាផងដែរ ដែលបានកើតលើងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារបរិយាកាសធុរកិច្ចក្រោយជំងឺរាតត្បាតដ៏តានតឹង ដែលនាំទៅរកការបញ្ឈប់បុគ្គលិក និងថមថយកំណើនប្រាក់ចំណូល។ នេះបើយោងតាមកាសែត Channel News Asia៕