(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ចបានកត់សម្គាល់ថា វិបត្តិសេដ្ឋកិច្ចតែងតែកើតមានឡើង ក្នុងក្នុងរយៈពេល១០ឆ្នាំម្តង ដូច្នេះហើយរាជរដ្ឋាភិបាល ក៏ដូចជាម្ចាស់អាជីវកម្ម ត្រូវតែត្រៀមខ្លួនក្នុងការទប់ទល់ ឬបញ្ជៀសនូវបញ្ហានេះ ដើម្បីកុំឱ្យប៉ះពាល់ខ្លាំងដល់ការអភិវឌ្ឍន៍ប្រទេស ក៏ដូចជាអាជីវកម្ម។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ខណៈរាជរដ្ឋាភិបាលបានដាក់គោលដៅសម្រេចបាននូវប្រទេស ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ កម្ពុជាត្រូវតែពិចារណា និងត្រៀមខ្លួនទប់ទល់ទៅលើខួបនៃសេដ្ឋកិច្ច ដែលជានិច្ចកាលតែងតែធ្លាក់ចូលវិបត្តិ នៅក្នុងអំឡុងពេល ១០ឆ្នាំម្តង ដែលបញ្ហានេះនឹងធ្វើឱ្យកម្ពុជា ពិបាកក្នុងការសម្រេចបាននូវការចាកចេញពីប្រទេសចំណូលមធ្យម ឈានទៅប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកថា កត់សម្គាល់ថា នៅអំឡុងចុងឆ្នាំ២០១៩ និងឆ្នាំ២០២០ គ្មានអ្នកណាម្នាក់គិតថា នឹងកើតមានវិបត្តិនោះទេ ហេតុនេះហើយទើបមិនបានត្រៀមខ្លួន ហេតុដូច្នេះហើយបានធ្វើសេដ្ឋកិច្ចដាំក្បាលចុះ ដែលបានធ្វើឱ្យប៉ះពាល់ដល់ចំណូល និងអាជីវកម្ម។

បើតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះ វិបត្តិសេដ្ឋកិច្ចបានកើតឡើងជាច្រើនដងមកហើយ ដូចជានៅឆ្នាំ១៩៨០, ឆ្នាំ១៩៩០ និង១៩៩១ , ឆ្នាំ២០០១, អំឡុងឆ្នាំ២០០៨ និង២០០៩ និងឆ្នាំ២០២០។

លោកបានលើកឡើងថា «បើយើងមើលនិន្នាការនេះ ក្នុងខួបនៃសេដ្ឋកិច្ចឡើងធ្លាក់មកដល់បាតវិញ គឺក្នុងអំឡុងពេល១០ឆ្នាំម្តង ហើយក្នុងអំឡុងនេះវាក្នុងបរិមាណថេរ ហើយកាលណាយើងឃើញវិស័យណាមួយលូតលាស់ ក្នុងសន្ទុះលឿនដូចវិស័យអចលនទ្រព្យក្នុងឆ្នាំ២០១៩ អ៊ីចឹង វិស័យនេះនឹងរងគ្រោះខ្លាំងជាងគេ ហេតុនេះយើងត្រូវពិចារណា និងត្រៀមយុទ្ធសាស្រ្តទប់ កុំឱ្យវាមានកំណើនលឿនពេក បើមិនអ៊ីចឹងទេអត្រាកំណើនយើងនឹងមិនអាចរីកបានហើយនឹងបន្តធ្លាក់ចូល ទៅក្នុងប្រទេសចំណូលធម្យមរហូត»

សូមជម្រាបថា វិបត្តិសេដ្ឋកិច្ច​គឺ​ ​ជា​ការ​បាត់បង់​ ​និង​ធ្លាក់ចុះ​នៃ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងរយៈពេល​ច្រើ​ន​ខែ​ ឬ​ឈាន​ដល់​ច្រើ​ន​ឆ្នាំ​។​ ​ការ​បាត់បង់​សកម្មភាព​សេដ្ឋកិច្ច​ទាំងនោះ​ ​អាចប​ង្ក​អោយ​មានការ​ធ្លាក់ចុះ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ (​G​D​P​) ​អត្រា​នៃ​ការ​បាត់បង់​ការងារ​កើ​ន​ឡើ​ង​ជាលំដាប់​ ហើ​យ​អាជីវកម្ម​តូច​ធំ​នឹង​ទទួលរងការខាត​ ​ដ្បិត​គ្មាន​សកម្មភាព​ទិញដូរ​ដូចមុន​។​ ​ក្រៅពី​នេះ​ ​តម្លៃ​ភាគ​ហ៊ុន​នៅ​ក្នុង​ផ្សារ​ភាគ​ហ៊ុន​ ​ទី​ផ្សារ​អ​ចន​ល​ទ្រព្យ​ ​និងខ្សែច្រវាក់​ផលិតកម្ម​ផ្សេងៗ​ត្រូវ​បាន​ធ្លាក់ចុះ​ផង​ដែរ​។

គិតចាប់តាំងតែពីព្រឹត្តិការណ៍វិបត្តិសេដ្ឋកិច្ចឆ្នាំ១៩៧៥ រហូតដល់វិបត្តិសេដ្ឋកិច្ចឆ្នាំ១៩៨២ និងវិបត្តិសេដ្ឋកិច្ចឆ្នាំ១៩៩១ ហើយក្រោយមកនៅឆ្នាំ២០០៩ និងចុងក្រោយ ឆ្នាំ២០២០ វិបត្តិនីមួយៗបានបង្កឲ្យកំណើនសេដ្ឋកិច្ចសកលលោកជួបភាពអវិជ្ជមាន និងការចុះខ្សោយនូវសកម្មភាពវិនិយោគសំខាន់ៗ ដែលជាចលករនៃសេដ្ឋកិច្ចសកលលោក៕