(បាងកក)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគោលនយោបាយស្រូវអង្កររបស់ប្រទេសថៃបានអនុម័តវិធានការចំនួនបីដើម្បីរក្សាតុល្យភាពរវាងតម្រូវការនិងការផ្គត់ផ្គង់អង្ករ ដែលនឹងធានាថា តម្លៃស្រូវក្នុងរដូវដាំដុះឆ្នាំនេះនឹងមិនធ្លាក់ចុះដោយសារការផ្គត់ផ្គង់លើសតម្រូវការក្នុងអំឡុងប្រមូលផល។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក Pichai Naripthaphan បាននិយាយថា វិធានការទីមួយក្នុងចំណោមវិធានការទាំងបីគឺជាកម្មវិធីសន្យាទិញស្រូវចំនួន ៨,៣៦ពាន់លានបាត (ប្រហែល ២៤៥លានដុល្លារ) ដែលរដ្ឋាភិបាលថៃនឹងផ្តល់ឧបត្ថម្ភធនចំនួន ១ ៥០០បាតក្នុងមួយតោនស្រូវដែលបានសន្យាទិញ។
លោករដ្ឋមន្ត្រីបាននិយាយបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងគោលនយោបាយស្រូវអង្ករកាលពីថ្ងៃសុក្រថា ក្នុងចំណោមប្រាក់ចំនួន ១ ៥០០បាត ទឹកប្រាក់ចំនួន ១ ០០០បាតនឹងផ្តល់ទៅឱ្យសហករណ៍ដោះស្រាយការសន្យាទិញស្រូវ ហើយទឹកប្រាក់នៅសល់នឹងផ្តល់ទៅឱ្យកសិករដែលសន្យាលក់ស្រូវស្ថិតក្នុងកម្មវិធីសន្យាទិញស្រូវនេះ។
ក្នុងអំឡុងពេលអនុវត្តគម្រោងដែលដំណើរការរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈឆ្នាំក្រោយ កសិករត្រូវបានអនុញ្ញាតឱ្យស្ថិតក្នុងគម្រោងសន្យាទិញស្រូវនេះក្នុងរយៈពេលពី ១ ទៅ ៥ខែ។
ក្នុងពេលចូលរួមក្នុងកម្មវិធីនេះ កសិករដាំដុះស្រូវក៏អាចស្នើសុំកម្ចីពីធនាគារកសិកម្មនិងសហករណ៍កសិកម្ម (BAAC) ផងដែរដែលនឹងផ្តល់ជូនកម្ចីពី ៩ ០០០ ទៅ ១២ ៥០០បាតក្នុងមួយតោនសម្រាប់ស្រូវដែលធនាគារទិញលក់ស្ថិតស្ថិតក្រោមកម្មវិធីរបស់រដ្ឋាភិបាលនេះ។
លោករដ្ឋមន្ត្រីបាននិយាយថា ឧទាហរណ៍ កម្ចីដែលផ្តល់ជូនក្នុងមួយតោនសម្រាប់ស្រូវ Hom Mali ដែលបានសន្យាទិញលក់ត្រូវបានដំឡើងដល់ ១២ ៥០០បាតពីចំនួន ១២ ០០០បាតកាលពីឆ្នាំមុន។
លោកបានបន្តថា វិធានការទីពីរមានការពាក់ព័ន្ធនឹងកម្ចីសម្រាប់អង្គការកសិករដែលនឹងប្រមូលស្រូវពីកសិករ ហើយសន្យាលក់ស្រូវទៅឱ្យរដ្ឋាភិបាលក្នុងចំនួនច្រើនដើម្បីធានាបាននូវកិច្ចព្រមព្រៀងកាន់តែប្រសើរ។
លោករដ្ឋមន្ត្រីបាននិយាយថា ទឹកប្រាក់សរុបចំនួន ៦៥៦,២៥លានបាត (ប្រហែល ១៩លានដុល្លារ) ត្រូវបានចាត់ចែងទុកសម្រាប់ផ្តល់មូលនិធិដល់កម្មវិធីផ្តល់ប្រាក់កម្ចីនេះ ខណៈដែលគោលដៅសន្យាទិញស្រូវត្រូវបានកំណត់ចំនួន ១លានតោន។
លោក Pichai បានថ្លែងថា ស្ថិតក្រោមកម្មវិធីដែលពាក់ព័ន្ធនេះ សហករណ៍កសិកម្មនឹងឧបត្ថម្ភធន ១% និងរដ្ឋាភិបាល ៣,៥% នៃអត្រាការប្រាក់ដែលត្រូវគិតលើប្រាក់កម្ចីដែលបានផ្តល់សម្រាប់គោលបំណងនេះ។
ប្រាក់កម្ចីទាំងនេះនឹងត្រូវបានផ្តល់ជូនរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំក្រោយ ខណៈដែលរយៈពេលឧបត្ថម្ភធនការប្រាក់នេះនឹងមានរយៈពេលច្រើនបំផុត ១៥ខែ។
វិធានការចុងក្រោយ គឺជាកម្មវិធីដែលពាក់ព័ន្ធមួយដែលរដ្ឋាភិបាលនឹងឧបត្ថម្ភធន ៣% នៃការប្រាក់កម្ចី ដែលប្រតិបត្តិករឃ្លាំងស្រូវឯកជនដែលចូលរួមក្នុងគម្រោងសន្យាទិញស្រូវត្រូវបង់។
ប្រតិបត្តិករឃ្លាំងស្រូវទាំងនេះនឹងទទួលបានជំនួយហិរញ្ញវត្ថុនេះជាថ្នូរនឹងការជួយដោះស្រាយការស្តុកស្រូវដែលបានសន្យាទិញសម្រាប់រយៈពេលពី ២ ទៅ ៦ ខែ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕