(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២៤នេះ បានរៀបចំបើកសិក្ខាសាលា ស្ដីពី បច្ចុប្បន្នភាពទីតាំងដីរដ្ឋ ការរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដើម្បីប្រមូលធាតុចូលពីក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីដាក់ចេញជាវិធានការដោះស្រាយ និងរៀបចំជាផែនការសកម្មភាព សម្រាប់អនុវត្តជាក់ស្ដែងក្នុងឆ្នាំ២០២៥ លើការងារគ្រប់គ្រងដីរដ្ឋ។

សិក្ខាសាលានេះ រៀបចំឡើងក្រោមអធិបតីភាព បណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ តំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កម្មវិធីខាងលើនេះ ក៏មានការចូលរួមអមដោយលោក យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, លោក ឡោ ដាវុឌ រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង តំណាងឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ណុំ ស៊ីនិត អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី ដែលជាតំណាងក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត សរុបមានអ្នកចូលរួមប្រមាណ ២៥០រូប។

សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដូចខាងក្រោម៖
* ទី១៖ ពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋជារួម ពិសេសការធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើដីរដ្ឋ និងការកត់ត្រាដីរដ្ឋក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។
* ទី២៖ ផ្សព្វផ្សាយអំពីក្របខ័ណ្ឌគតិយុត្តថ្មីៗ ពាក់ព័ន្ធនឹងលក្ខខណ្ឌ និងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ និងការគ្រប់គ្រងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ។
* ទី៣៖ ពិភាក្សាលើវិធានការ និងជំហានការងារបន្ទាប់ ដើម្បីជំរុញបញ្ចប់ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ និងការពង្រឹងការគ្រប់បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យកាន់តែល្អប្រសើរថែមទៀត។

សិក្ខាសាលាខាងលើ នឹងប្រព្រឹត្តទៅរយៈពេល ១ថ្ងៃពេញ។ ពេលព្រឹក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកយកប្រធានបទចំនួន ៣ ដើម្បីយកមកពិនិត្យ និងពិភាក្សាក្នុងសិក្ខា-សាលា រួមមាន៖ (ទី១) របាយការណ៍វឌ្ឍនភាពនៃការគ្រប់គ្រង និងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, (ទី២) បច្ចុប្បន្នភាពទីតាំងដីរដ្ឋ និងវឌ្ឍនភាពនៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣, និង (ទី៣) លក្ខខណ្ឌ និងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ។ នៅពេលរសៀល នឹងមានរៀបចំវេទិកាពិភាក្សា ដើម្បីពិនិត្យពិភាក្សាលើបញ្ហាប្រឈមកន្លងមក ក្នុងការគ្រប់គ្រងដីរដ្ឋ ពិសេស បញ្ហារាំងស្ទះដល់ការបញ្ចប់ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋដែលបានកត់ត្រាក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។

មតិយោបល់ដែលលើកឡើងក្នុងអង្គសិក្ខាសាលា នឹងត្រូវបូកសរុប ដើម្បីដាក់ចេញជាវិធានការដោះស្រាយ និងរៀបចំជាផែនការសកម្មភាព សម្រាប់អនុវត្តជាក់ស្ដែងក្នុងឆ្នាំ២០២៥។

សូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាន និងកំពុងពង្រឹងជាបន្តបន្ទាប់លើការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីធានាឱ្យការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យទាំងឡាយរបស់រដ្ឋ ប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព តម្លាភាព និងគណនេយ្យ-ភាព។ ក្នុងនោះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត ច្បាប់ស្ដីពីការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ និងលិខិតបទដ្ឋានផ្សេងទៀត ដើម្បីពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព និងបានដាក់ឱ្យអនុវត្តអនុក្រឹត្យ ស្ដីពីលក្ខខណ្ឌនិងនីតិវិធីនៃការចុះបញ្ជីដីរដ្ឋ ដើម្បីធានាការពារបន្ថែមទៀតនូវកម្មសិទ្ធិ និងសិទ្ធិផ្សេងទៀតលើដីរបស់រដ្ឋ។

យន្តការគ្រប់គ្រង និងសម្របសម្រួលនានា ក៏ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើង រួមមានជាអាទិ៍៖ គណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ, គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់រាជធានី-ខេត្ត និងក្រុមការងារដីរដ្ឋថ្នាក់ក្រុង ស្រុក ខណ្ឌ។

ទន្ទឹមនេះ ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងរៀបចំជាផែនការយុទ្ធសាស្ត្រ ដើម្បីជាផែនទីចង្អុលផ្លូវសម្រាប់តម្រង់ទិសការកែទម្រង់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដែលឯកសារនេះបានដាក់ពិគ្រោះយោបល់ជាច្រើនលើក និងរំពឹងថា នឹងត្រូវដាក់ឱ្យអនុវត្តនាពេលខាងមុខ៕