(សៀមរាប)៖ ភ្នំគូលែន គឺជាអតីតរាជធានីនៃអាណាចក្រខ្មែរ ដ៏រុងរឿងមួយនេះត្រូវបានគេស្គាល់ថា ជាតំបន់ទេសចរណ៍ ដែលមានសក្តានុពលខ្លាំង ទៅលើធនធានធម្មជាតិ ជាពិសេស ប្រាង្គប្រាសាទបុរាណ និងទឹកធ្លាក់ ព្រមទាំងមានតំបន់ទេសភាពប្លែកៗជាច្រើនទៀតផងដែរ។
លោក មឿយ វីរៈ តំណាងម្ចាស់រមណីយដ្ឋាន ធិស័ក្តិ បានឱ្យដឹងថា ការជ្រើសរើសយកទីតាំងជើងភ្នំគូលែននេះ សម្រាប់បង្កើតជារមណីយដ្ឋាន ព្រោះទីនេះវាជាចំណុចកណ្តាលមួយនៃស្រុកស្វាយលើ ដែលអាចឱ្យយើងបង្កើតជាខ្សែទស្សនាមួយបន្ថែមទៀត ក្នុងការទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទទួលយកនូវបទពិសោធន៍នៃដំណើរកម្សាន្តថ្មីមួយ។
លោកបានបន្តថា កិច្ចការងារនេះ គឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏ដូចជាក្រសួងទេសចរណ៍ បានជំរុញដល់វិនិយោគិនទាំងអស់ សូមចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការអភិវឌ្ឍកែច្នៃតំបន់មួយចំនួន ទៅរមណីដ្ឋាន និងផ្ទះលំហែ ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសជួយលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋ នៅក្នុងសហគមន៍ និងសេដ្ឋកិច្ចជាតិផងដែរ។
លោកបានបន្ថែមថា កាលពីដើមតំបន់នេះគ្រាន់តែជាតំបន់កសិកម្មប៉ុណ្ណោះ ហើយក៏មិនមានគំនិតថា នឹងត្រូវបើករមណីយដ្ឋាន និងផ្ទះលំហែនៅតំបន់នេះផងដែរ គោលដៅដំបូង គឺទិញគ្រាន់តែប្រកបរបរកសិកម្មទេ ប៉ុន្តែបន្ទាប់ពីការសិក្សាពីមួយថ្ងៃទៅមួយថ្ងៃ តំបន់នេះយើងមើលឃើញពីសក្តានុពលជាច្រើនមានទាំងធម្មជាតិ និងមានចំណុចប្រសប់ជាច្រើន ជាពិសេសតំបន់នេះនៅជាប់នឹងផ្លូវលេខ៦៤ ផ្លូវនេះភ្ជាប់ពីខេត្តសៀមរាបទៅដល់ខេត្តព្រះវិហារ, ខេត្តស្ទឹងត្រែង និងទៅច្រកព្រំដែនឡាវ ថៃ និងវៀតណាមផងដែរ។
លោក មឿយ វីរៈ បន្តថា តំបន់នេះក៏នៅជាប់នឹងភ្នំគូលែន ដែលជាតំបន់ទេសចរណ៍មួយដ៏ល្បី និងនៅជុំវិញក៏មានប្រសាទបឹងមាលា ប្រាសាទកោះកេរ ពើងគំនូរ និងមានតំបន់ទេសចរណ៍ជាច្រើនទៀតនៅក្នុងតំបន់នេះ។ ដូច្នេះហើយពីមួយថ្ងៃទៅមួយថ្ងៃ យើងបានកែប្រែតំបន់នេះពីដំណាំកសិកម្មទៅជារមណីដ្ឋានបែបធម្មជាតិ និងបានដាំដើមឈើ ដាំផ្កាជាច្រើន ដើម្បីឲ្យតំបន់នេះជាតំបន់ទេសចរណ៍ដ៏ល្អ។
លោកបន្ថែមថា រមណីយដ្ឋាននេះបង្កើតឡើងនៅចុងឆ្នាំ២០២១ ក្នុងអំឡុងពេលសម័យនៃវិបត្តិជំងឺកូវីដ១៩ គ្រាន់តែបើកជាអាហារដ្ឋានធម្មតា ដោយសារមានការគាំទ្រពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏បានពង្រីកទៅជាផ្ទះលំហែ មានអាងហែលទឹក មានកន្លែងបោះតង់ និងអាហារដ្ឋានជាដើម។
លោក មឿយ វីរៈ បានបញ្ជាក់ថា រមណីយដ្ឋានធិស័ក្តិ ក៏បានផ្តល់ការងារដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ជុំវិញផងដែរក្នុងនោះ ផ្តល់ការងារ, ប្រមូលទិញកសិផលដែលគាត់បានដាំដុះ និងមាន់ ត្រី ដោយផ្តោតលើផលិតផលធម្មជាតិ, ផ្តល់ជាកញ្ចប់ទិសដៅទេសចរណ៍ (ប្រសិនបើភ្ញៀទេសចរ គាត់ចង់ទៅតំបន់ទេសចរណ៍មួយចំនួនដែលឡានទៅមិនដល់ យើងក៏បានជួលគោយន្តរបស់គាត់ដើម្បីទៅតំបន់ទាំងនោះផងដែរ)។
លោកបន្តទៀតថា រមណីយដ្ឋានធិស័ក្តិតែងតែគាំទ្រ នូវគម្រោងរបស់រាជរដ្ឋាភិបាល ដែលជាក់ស្តែងតាមការចង្អុលបង្ហាញរបស់សម្តេចធិបតី ក៏ដូចជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា យើងត្រូវពង្រីកគោលដៅទេសចរណ៍ នៅក្នុងខេត្តសៀមរាបឲ្យបានច្រើនថែមទៀត។ រមណីយដ្ឋានធិស័ក្តិ ក៏មានគោលបំណងមួយអត់ចង់ភ្ញៀវទេសចរ មកទស្សនាក្នុងខេត្តសៀមរាប ទស្សនាត្រឹមតែ១ថ្ងៃ ២ថ្ងៃ ឫក៏៣ថ្ងៃយើងគ្មានកន្លែងណាទៅទៀត ដូច្នេះហើយ រមណីយដ្ឋានធិស័ក្តិនឹងចូលរួមជាមួយរាជរដ្ឋាភិបាល ពង្រីកគោលដៅទេសចរណ៍ថ្មីៗ និងទាក់ទាញដែលកម្ពុជាមានផងដែរ។
លោកបញ្ជាក់ថា ទេសចរភាគច្រើនស្គាល់តែព្រះអង្គធំ និងទឹកធ្លាក់ តាមពិតមានប្រាសាទជាច្រើនណោលើភ្នំគូលែន មានតំបន់ទស្សនាជាច្រើន ប៉ុន្តែគាត់មិនបានដឹងនោះទេ។ រមណីយដ្ឋាយធិស័ក្ត នឹងចូលរួមដើម្បីបង្ហាញពីទិសដៅទេសចរណ៍ទាំងអស់នឹងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្គាល់តំបន់នេះកាន់តែច្រើន ហើយក៏ចង់ឲ្យភ្ញៀវទេសចរទាំងអស់មកស្នាក់នៅក្នុងខេត្តសៀមរាប កុំគិតថា មានតែតំបន់ប្រាសាទប៉ុណ្ណឹងនោះទេ។ ខេត្តសៀមរាប គឺមានសក្តានុពលច្រើនណាស់ក្រៅពីតំបន់ប្រាសាទ។
រមណីយដ្ឋានធិស័ក្តិ ពិតជាស័ក្តសមសម្រាប់ភ្ញៀវទេសចរ ឬវិស័យទេសចរណ៍ ដែលមានពេលស្នាក់នៅរយៈពេលខ្លី ឬត្រឹមមួយថ្ងៃ ពួកគេអាចជ្រើសរើសធិស័ក្តិ ដោយអាចទស្សនាបានភ្នំគូលែន ប្រាសាទបេងមាលា ប្រាសាទកោះកេរ និងតំបន់ទេសចរណ៍សហគមន៍មួយចំនួននៅជុំវិញ មុននឹងចេញដំណើរទៅព្រលានយន្តហោះ ដែលមានចំងាយត្រឹម២២គីឡូម៉ែត្រ៕