(ភ្នំពេញ)៖ កម្ពុជារកចំណូលប្រមាណជាង ៨ពាន់លានដុល្លារ ពីនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ក្នុងរយៈពេល ១០ខែឆ្នាំ២០២៤នេះ កើនឡើងប្រមាណជាង៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានជាង ៦.៤៦ពាន់លានដុល្លារអាមេរិក ខណៈការនាំចេញស្បែកជើងមានតម្លៃជាង ១ពាន់លានដុល្លារ។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ចាក់ដោយម្ជុលពីរ ឬមួយ មានទឹកប្រាក់ ៥.៤ពាន់លានដុល្លារ កើនឡើង២០.៥% និងការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើងពីការចាក់ដោយម្ជុលពីរ ឬមួយ មានទឹកប្រាក់ ២.៥ពាន់លានដុល្លារ កើនឡើង ៣១.១%។ ចំណែកនាំចេញស្បែកជើងក្នុងរយៈពេល ១០ខែនេះ មានតម្លៃជាង១.៣ពាន់លានដុល្លារ កើនឡើង២២.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។
ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា អ្នកឧកញ៉ា លី ឃុនថៃ ធ្លាប់បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ស្ថានភាពនៃការផលិត ការនាំចេញ ក៏ដូចជាការបញ្ជាទិញផលិតផលកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នៅឆ្នាំ២០២៤នេះ មានកំណើនល្អប្រសើរគួរឱ្យកត់សម្គាល់ បើធៀបនឹងកាលពីឆ្នាំ២០២៣។ កំណើនល្អប្រសើរនៃវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ នៅឆ្នាំ២០២៤នេះ ដោយសារប្រទេសកម្ពុជា មានស្ថេរភាពនយោបាយ និងមានសន្តិភាពពេញលេញ។ ហើយសំខាន់បំផុត គឺមានការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលមានការដឹកនាំល្អ ផ្តល់នូវទំនុកចិត្ត ដល់អ្នកវិនិយោគ និងអ្នកដាក់បញ្ជាទិញ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា បើនិយាយពិវិស័យដែលចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលខ្លីប្រមាណ២ទៅ៣ឆ្នាំចុងក្រោយនេះ គ្មានវិស័យណាដែលប្រសើរជាងវិស័យកាត់ដេរនោះទេ សម្រាប់ប្រទេសកម្ពុជា ដែលជាវិស័យមាននិរន្តភាព និងស្ថេរភាព។ ទោះបីជាយ៉ាងនេះក្តីលោកលើកឡើងថា បច្ចុប្បន្ននេះ ផលិតភាពក្នុងវិស័យកាត់ដេររបស់កម្ពុជា បានឡើងដល់កម្រិតខ្ពស់រួចទៅហើយ ដែលមិនអាចជំរុញឱ្យខ្ពស់ជាងនេះបានច្រើនទៀតនោះទេ ហេតុនេះកម្ពុជាត្រូវតែងាកទៅរកឧស្សាហកម្មមិនមែនកាត់ដេរបន្ថែមទៀត ចាប់ពេលនេះតទៅ។
គួរជម្រាបផងដែរថា ទីផ្សារសំខាន់ៗដែលកម្ពុជាបាននាំចេញផលិតផលកាត់ដេរ រួមមានសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប កាណាដា និងចិនជាដើម៕