(ហ្សាការតា)៖ ធនាគារិកមកពីធនាគាររដ្ឋធំៗនៅប្រទេសឥណ្ឌូណេស៊ីបានថ្លែងទៅកាន់សភាកាលពីថ្ងៃពុធថា កំណើនសេដ្ឋកិច្ចនិងការវិនិយោគនៅប្រទេសឥណ្ឌូណេស៊ីអាចនឹងរងផលប៉ះពាល់ ប្រសិនបើគោលនយោបាយដែលបានគ្រោងទុករបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ រំខានដល់ពាណិជ្ជកម្មពិភពលោក និងធ្វើឱ្យពិបាកក្នុងការកាត់បន្ថយអត្រាការប្រាក់។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោក Sunarso ប្រធានធនាគារ Bank Rakyat Indonesia (BRI) ដែលជាធនាគារធំទីពីរនៅឥណ្ឌូនេស៊ីបានគិតពីទ្រព្យសកម្ម បាននិយាយថា សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនអាចកាត់បន្ថយកំណើនសេដ្ឋកិច្ចឥណ្ឌូណេស៊ីប្រហែល ០,២ពិន្ទុភាគរយពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ីនៅឆ្នាំក្រោយ ហើយអាចប៉ះពាល់ខ្លាំងជាងនេះបើប្រទេសផ្សេងទៀតចូលរួមក្នុងជម្លោះពាណិជ្ជកម្មនេះ។

លោក Sunarso បានប្រាប់សភាថា៖ «នោះហើយជាមូលហេតុដែលយើងត្រូវតែប្រុងប្រយ័ត្ន ប្រសិនបើសហរដ្ឋអាមេរិកក្លាយជាប្រទេសការពានិយម ហើយចិនក៏ឆ្លើយតបដោយសង្រ្គាមពាណិជ្ជកម្មដូចពេលកន្លងមក ផលប៉ះពាល់នឹងមានខ្លាំងណាស់មកលើយើង»

ទាំងប្រទេសចិននិងសហរដ្ឋអាមេរិកគឺជាទីផ្សារពាណិជ្ជកម្មដ៏សំខាន់សម្រាប់ប្រទេសឥណ្ឌូនេស៊ី។ ធនាគារ BRI បានព្យាករថា សេដ្ឋកិច្ចអាចកើនឡើងពី ៤,៩ភាគរយទៅ ៥,២ភាគរយនៅឆ្នាំក្រោយ ប៉ុន្តែលោក Sunarso បាននិយាយថា សេដ្ឋកិច្ចអាចធ្លាក់ចុះដល់ពី ៤,៦ភាគរយទៅ ៤,៩ភាគរយប្រសិនបើសង្គ្រាមពាណិជ្ជកម្មកាន់តែរីកធំឡើង។

លោក Darmawan Junaidi នាយកប្រតិបត្តិធនាគារធំមួយទៀតគឺធនាគារ Bank Mandiri បាននិយាយថា សង្រ្គាមពាណិជ្ជកម្មអាចប៉ះពាល់ដល់តម្លៃទំនិញពិភពលោក ដែលជារឿយៗប្រែប្រួលអាស្រ័យលើតម្រូវការពីប្រទេសចិន។ ឥណ្ឌូណេស៊ីជាប្រទេសនាំចេញប្រេងដូង ធ្យូងថ្ម នីកែល សំណប៉ាហាំង និងកៅស៊ូ។

លោក ត្រាំ បានស្នើដកហូតពន្ធគយ ១០ភាគរយលើទំនិញនាំចូលទៅកាន់សហរដ្ឋអាមេរិកទាំងអស់ និង ៦០ ភាគរយលើផលិតផលដែលផលិតដោយចិន។ រួមជាមួយនឹងគោលនយោបាយពង្រីកសារពើពន្ធដែលបានគ្រោងទុកផ្សេងទៀត វិធានការទាំងអស់នេះបានបង្កើនការព្រួយបារម្ភមួយចំនួនសម្រាប់ទីផ្សារ និងអ្នកវិភាគអំពីអតិផរណា និងការកាត់បន្ថយអត្រាការប្រាក់នាពេលអនាគត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕