(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឱ្យដឹងថា ប្រទេសចិនកាលពីថ្ងៃពុធបានប្រកាសគោលនយោបាយពន្ធមួយចំនួនក្នុងគោលបំណងជំរុញទីផ្សារអចលនទ្រព្យដែលកំពុងជួបវិបត្តិ រួមទាំងការកាត់បន្ថយពន្ធលើប័ណ្ណកម្មសិទ្ធិ និងអាករលើតម្លៃបន្ថែមផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
ឭយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ដោយដកស្រង់ប្រភពពីទីភ្នាក់ងាររដ្ឋាភិបាលនានារួមទាំងក្រសួងហិរញ្ញវត្ថុថា ការលើកទឹកចិត្តផ្នែកពន្ធសម្រាប់ការទិញលក់លំនៅឋាននឹងត្រូវបាន «ពង្រឹងដើម្បីគាំទ្រឱ្យបានសកម្មដល់តម្រូវការលំនៅឋានជាមូលដ្ឋាន និងធ្វើតម្រូវការមានភាពប្រសើរឡើង»។
ទូរទស្សន៍ CCTV បានឱ្យដឹងទៀតថា សេចក្តីប្រកាសកាលពីថ្ងៃពុធពីក្រសួងហិរញ្ញវត្ថុ អាជ្ញាធរពន្ធដារ និងក្រសួងលំនៅដ្ឋាននិងអភិវឌ្ឍន៍ទីក្រុងនិងជនបទរបស់ប្រទេសចិន មានបំណងបញ្ជាក់បន្ថែមពី «ការលើកទឹកចិត្តផ្នែកពន្ធផ្សេងៗ ដើម្បីគាំទ្រទីផ្សារអចលនទ្រព្យ»។
ទូរទស្សន៍ CCTV បានរាយការណ៍ថា៖ «សេចក្តីប្រកាសបញ្ជាក់ថា ការលើកទឹកចិត្តផ្នែកពន្ធសម្រាប់ការទិញលក់លំនៅឋាននឹងត្រូវបានពង្រឹង ដើម្បីគាំទ្រឱ្យបានសកម្មដល់តម្រូវការលំនៅឋានជាមូលដ្ឋាន និងធ្វើឱ្យតម្រូវការមានភាពប្រសើរឡើង»។ ទូរទស្សន៍ CCTV បានបន្ថែមថា៖ «អត្រាពន្ធលើតម្លៃបន្ថែមទៅលើការបង់ប្រាក់មុនអប្បបរមាសម្រាប់ការទិញដីនឹងត្រូវកាត់បន្ថយដើម្បីសម្រួលដល់ការលំបាកផ្នែកហិរញ្ញវត្ថុសម្រាប់អចលនទ្រព្យ។ ក្រុមហ៊ុន»។
វិធានការទាំងនេះដែលចូលជាធរមាននៅថ្ងៃទី១ ខែធ្នូនេះ រួមមានទាំងការបង្កើនទំហំផ្ទះអប្បបរមាដែលមានសិទ្ធិទទួលបានអត្រាពន្ធទាប ១ភាគរយផងដែរដែលបង្កើនពី ៩០ម៉ែត្រការ៉េដល់ ១៤០ម៉ែត្រការ៉េ ដែលពីមុនត្រូវបង់ពន្ធរហូតដល់ ៣ភាគរយ។
ទូរទស្សន៍ CCTV បានឱ្យដឹងទៀតថា គោលនយោបាយពន្ធដារសម្រាប់ផ្ទះទី២ នៅទីក្រុងចំនួន ៤ គឺទីក្រុងប៉េកាំង សៀងហៃ ក្វាងចូវ និងសិនជិន ក៏នឹងត្រូវដាក់ឱ្យអនុវត្តនៅខេត្តក្រុងផ្សេងទៀតក្នុងប្រទេសផងដែរ។ នោះមានន័យថា ម្ចាស់ផ្ទះដែលទិញផ្ទះតែមួយ ឬផ្ទះទីពីរនឹងបង់ពន្ធលើប័ណ្ណកម្មសិទ្ធិរួមគ្នាតែ ១ភាគរយប៉ុណ្ណោះដរាបណាផ្ទៃក្រលាផ្ទះមិនលើសពី ១៤០ម៉ែត្រការ៉េ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕