(ក្រុងស្តុកខុល)៖ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Rho Motion បានឱ្យដឹងកាលពីថ្ងៃពុធថា ការលក់រថយន្តអគ្គិសនីពេញលេញនិងរថយន្តកូនកាត់ដោតបញ្ចូលអគ្គិសនី បានកើនឡើង ៣៥% នៅក្នុងខែតុលា ធៀបនឹងខែតុលាឆ្នាំមុន ដែលនាំមុខដោយកំណើនលក់ ៥៤% នៅក្នុងប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោក Charles Lester អ្នកគ្រប់គ្រងទិន្នន័យក្រុមហ៊ុន Rho Motion បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័ថា ការលក់នៅអ៊ឺរ៉ុបបានកើនឡើងត្រឹមតែ ០,៨% ប៉ុណ្ណោះប៉ុន្តែបើគិតពីរយៈពេលពេញមួយឆ្នាំវិញ ការលក់បានកើនឡើងក្នុងរយៈពេលពីរខែជាប់គ្នា។ ក្រុមហ៊ុនស្រាវជ្រាវមួយនេះរំពឹងថា ការលក់នៅដំណាច់ឆ្នាំនឹងមានតួលេខល្អនៅតំបន់អឺរ៉ុប។

វិស័យរថយន្តនៅអឺរ៉ុបកំពុងប្រឈមមុខនឹងបញ្ហានានារួមទាំងតម្លៃផលិតកម្មខ្ពស់ ការគ្រប់គ្រងការផ្លាស់ប្តូរទៅជារថយន្តអគ្គិសនី និងលំហូរចូលរថយន្តតម្លៃទាបពីគូប្រជែងមកពីប្រទេសចិន។ ក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់អឺរ៉ុប Volkswagen បានឱ្យដឹងកាលពីខែតុលាថា ខ្លួនគ្រោងនឹងបិទរោងចក្រយ៉ាងហោចណាស់ចំនួនបីនៅក្នុងប្រទេសអាល្លឺម៉ង់។

ទិន្នន័យរបស់ក្រុមហ៊ុន Rho Motion បានបង្ហាញថា ការលក់រថយន្តអគ្គិសនី មិនថាជាអគ្គិសនីពេញលេញឬអគ្គិសនីកូនកាត់ដោតបញ្ចូលអគ្គិសនី (Plug-in Hybrids) បានកើនឡើងដល់ ១,៧២លានគ្រឿងនៅទូទាំងពិភពលោកក្នុងខែតុលា។ ការលក់រថយន្តក្នុងប្រទេសចិនបានកើនឡើងខ្ពស់បំផុតចំនួន ១,២លានគ្រឿង។ នៅសហរដ្ឋអាមេរិកនិងកាណាដា ការលក់រថយន្តអគ្គិសនីបានកើនឡើង ១១,៤% ដល់ ១៦ម៉ឺនគ្រឿង ខណៈនៅអឺរ៉ុបការលក់កើនឡើងដល់ ២៦ម៉ឺនគ្រឿងពោលគឺកើនឡើងបន្តិចធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំមុន ប៉ុន្តែធ្លាក់ចុះ ១៤% ធៀបនឹងខែកញ្ញាឆ្នាំនេះ។ នៅក្នុងតំបន់ផ្សេងទៀតក្នុងពិភពលោក ការលក់បានកើនឡើង ១០,៩% ក្នុងខែតុលា។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Rho Motion ថា៖ «ទីផ្សាររថយន្តអគ្គិសនីរបស់ចិនមិនបង្ហាញសញ្ញាថមថយទេ ខណៈដែលការលក់ឈានចូលដល់ការលក់បានច្រើនក្នុងរយៈពេលពីរខែចុងក្រោយក្នុងឆ្នាំនេះ»៕