(ក្រុងឡុងដ៍)៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan Motor កាលពីថ្ងៃពុធបានជំរុញឱ្យរដ្ឋាភិបាលចក្រភពអង់គ្លេសបន្ធូរបន្ថយច្បាប់ស្តីពីរថយន្តអគ្គិសនី ដែលលើកទឹកចិត្តឱ្យក្រុមហ៊ុនផលិតរថយន្តផ្លាស់ប្តូរពីរថយន្តប្រេងសាំងនិងម៉ាស៊ូតទៅផលិតនិងលក់រថយន្តអគ្គិសនី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ច្បាប់ស្តីពីយានយន្តបញ្ចេញឧស្ម័នកាបូនិចសូន្យ (ZEV) របស់ចក្រភពអង់គ្លេសដែលបង្កើតឡើងដោយអតីតរដ្ឋាភិបាលអភិរក្សនិយម តម្រូវឱ្យមានយ៉ាងហោចណាស់ ២២ភាគរយនៃការលក់រថយន្តថ្មីរបស់ក្រុមហ៊ុនផលិតរថយន្តនៅឆ្នាំ២០២៤ ជារថយន្តអគ្គិសនីសុទ្ធ បើមិនដូច្នេះទេពួកគេប្រឈមនឹងការផាកពិន័យយ៉ាងធ្ងន់ធ្ងរ។
បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តជប៉ុនបានព្រមានថា ការខកខានសម្រេចបានតាមគោលដៅនេះនឹងនាំឱ្យមានការផាកពិន័យច្រើនសម្រាប់ក្រុមហ៊ុនផលិត និងបានជំរុញឱ្យរដ្ឋាភិបាលចក្រភពអង់គ្លេសអនុញ្ញាតឱ្យមានភាពបត់បែនបន្ថែមទៀត និងអនុវត្តរយៈពេលត្រួតពិនិត្យរយៈពេលពីរឆ្នាំសម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥ ដោយសារតែតម្រូវការប្រើប្រាស់មានការថយចុះ។
អង្គការពាណិជ្ជកម្មមួយបានឱ្យដឹងកាលពីខែមុនថា ចក្រភពអង់គ្លេសទំនងជានឹងខកខានគោលដៅឆ្នាំ២០២៤ ដែលកំណត់ដោយច្បាប់ ZEV។ រថយន្តអគ្គិសនីថ្មីជិត ៣សែនគ្រឿងបានបើកបរលើផ្លូវក្នុងចក្រភពអង់គ្លេសក្នុងឆ្នាំ២០២៤ ដែលស្មើនឹង ១៨,១ភាគរយនៃចំណែកទីផ្សារកើនឡើងពី ១៦,៣ភាគរយកាលពីឆ្នាំមុន ប៉ុន្តែនៅតែមិនទាន់ឈានដល់ទិសដៅកំណត់ ២២ភាគរយរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសនៅឡើយ។
ក្រុមហ៊ុនផលិតរថយន្តពិភពលោកជាច្រើនកំពុងកាត់បន្ថយគោលដៅនៃការផលិតអគ្គិសនីរបស់ពួកគេដោយសារការថយចុះតម្រូវការរថយន្តអគ្គិសនីសុទ្ធ ខណៈពេលដែលខ្វះខាតម៉ូដែលដែលមានតម្លៃសមរម្យ កង្វះស្ថានីយបញ្ចូលអគ្គិសនី ការកើនឡើងភាពតានតឹងពាណិជ្ជកម្ម និងការប្រកួតប្រជែងកាន់តែខ្លាំងពីគូប្រជែងចិនដែលលក់រថយន្តក្នុងតម្លៃទាបជាង។
ក្រុមហ៊ុនផលិតរថយន្ត Stellantis កាលពីខែមិថុនាបានព្រមានថា ក្រុមហ៊ុនអាចបញ្ឈប់ការផលិតរថយន្តនៅចក្រភពអង់គ្លេសលុះត្រាតែរដ្ឋាភិបាលធ្វើកិច្ចការបន្ថែមទៀតដើម្បីជំរុញតម្រូវការរថយន្តអគ្គិសនី។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយដោយក្រុមហ៊ុន Nissan ថា៖ «ច្បាប់ស្តីពីយានយន្តបញ្ចេញឧស្ម័នកាបូនិចសូន្យបង្កឱ្យមានហានិភ័យនៃការរារាំងអាជីវកម្មផលិតរថយន្តនៅក្នុងចក្រភពអង់គ្លេស និងការបាត់បង់ការងាររាប់ពាន់កន្លែង និងការវិនិយោគរាប់ពាន់លានផោន»៕