(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានប្រាប់វិស័យឯកជន ត្រៀមខ្លួនទាញយកអត្ថបទប្រយោជន៍ ពីប្រព័ន្ធអនុគ្រោះពន្ធ GSP+ (Generalised Scheme of Preferences Plus) បន្ទាប់ពីកម្ពុជា ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់​ នៅឆ្នាំ២០២៩។

លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានឹងជំរុញឱ្យកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ខាងមុខនេះ ដែលមានន័យថា កម្ពុជានឹងអាចចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។

លោកស្រីបានគូសបញ្ជាក់ថា នៅពេលកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច នោះភាពអនុគ្រោះពន្ធនានា ដែលកម្ពុជាទទួលបានដូចជា EBA​ និង GSP ជាដើម នឹងត្រូវបានកាត់បន្ថយបន្តិចម្តងៗ ដូចច្នេះហើយវិស័យឯកជនត្រូវត្រៀមខ្លួន ទាញយកប្រព័ន្ធអនុគ្រោះពន្ធ GSP+ ជាពិសេសពីសហគមន៍អឺរ៉ុប។

លោកស្រីបានគូសបញ្ជាក់ថា «បច្ចុប្បន្ននេះ យើងមាន GSP ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដែលយើងទទួលបានពីអឺរ៉ុប។ ដូច្នេះហើយនៅពេលដែលចាកចេញពីប្រទេសក្រីក្រ ទៅជាប្រទេសអ្នកមាន គេនឹងបន្ថយ ប៉ុន្តែមិនបន្ថយភ្លាមនោះទេ គេនឹងទុកពេលឱ្យយើង៣ឆ្នាំ បើសិនជាយើងឆ្លងកាត់បាននៅឆ្នាំ២០២៩ បីឆ្នាំក្រោយបានគេផ្តាច់ក្នុងកម្រិតណាមួយ។ បន្ទាប់មកបានគេចូលទៅក្នុងប្រព័ន្ធមួយទៀត ដែលគេហៅថា GSP+ ប៉ុន្តែប្រព័ន្ធមួយនេះ តឹងជាង GSP ធម្មតា​។ អ៊ីចឹងវិស័យឯកជនត្រូវត្រៀមខ្លួន ដើម្បីធ្វើម៉េចអាចទាញយកប្រព័ន្ធនេះ មកប្រើប្រាស់បាន ទាំងវិស័យឯកជន និងវិស័យរដ្ឋ ព្រោះមានកិច្ចព្រមព្រៀងប្រហែលចំនួន ២៧ ដែលយើងត្រូវចុះហត្ថាលេខាអនុម័តឯកភាព នៅក្នុងការប្រើប្រាស់ប្រព័ន្ធ GSP+ នេះបានជាពិសេសពីសហគមន៍អឺរ៉ុប»

ប្រព័ន្ធអនុគ្រោះពន្ធ GSP+ របស់សហគមន៍អឺរ៉ុប ត្រូវបានផ្តល់ទៅដល់ប្រទេសកំពុងអភិវឌ្ឍន៍ ជាការលើកទឹកចិត្តពិសេស ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសរបស់ពួកគេដោយចីរភាព និងអភិបាលកិច្ចល្អ។ ប្រទេសដែលអាចទទួលបានប្រព័ន្ធអនុគ្រោះនេះ នឹងត្រូវអនុវត្តនូវកិច្ចព្រមព្រៀងចំនួន២៧ ដែលរួមមានការគោរពសិទ្ធិមនុស្ស សិទ្ធិការងារ និងមានអភិបាលកិច្ចលល្អជាដើម។ បច្ចុប្បន្ននេះ ប្រទេសដែលទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធ GSP+ មានដូចជា បូលីវី ​កៀហ្ស៊ីស៊ីស្ថាន ម៉ុងហ្គោលី ប៉ាគីស្ថាន ហ្វីលីពីន ស្រីលង្កាជាដើម។

លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​ ​បានបង្ហាញការចាប់អារម្មណ៍ ចំពោះការទាញយកអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធ GSP+ នេះ ​ហើយក្នុងនាមជាវិស័យឯកជននឹងធ្វើការសិក្សាបន្ថែម ពីប្រព័ន្ធអនុគ្រោះពន្ធ GSP+ ថាតើមានគុណ​ប្រយោជន៍អ្វីសម្រាប់ប្រទេស ដែលបានដកខ្លួនពីប្រទេសអភិវឌ្ឍន៍តិចតួច៕