(ភ្នំពេញ)៖ ដើម្បីឱ្យការធ្វើស្រែទទួលបានផលចំណេញ មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់កសិករគួរតែជ្រើសរើសដាំដុះស្រូវពូជស្រូវយុទ្ធសាស្រ្តរបស់កម្ពុជា និងបង្កើតសហគមន៍កសិកម្មបែបទំនើប ដើម្បីធ្វើឱ្យតម្លៃស្រូវមានស្ថេរភាព និងមានទីផ្សារល្អ។

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម ពន្យល់ថា ប្រសិនជាកសិករងាកមកដាំដុះពូជស្រូវយុទ្ធសាស្រ្តរបស់កម្ពុជា ដែលមានដូចជា ផ្ការំដួល និងពូជសែនក្រអូប នៅពេលដែលមានបញ្ហា រដ្ឋអាចជួយគាំពារកសិករបានច្រើនតាមរយៈយន្តការកម្មវិធីហិរញ្ញប្បទានស្ថិរភាពថ្លៃ។ ហើយជាមួយគ្នានេះពូជស្រូវដែលជាពូជយុទ្ធសាស្រ្តរបស់កម្ពុជា ស្ថិតនៅក្នុងកម្រិតមួយដែលមានស្ថេរភាពថ្លៃ ស្ថិតក្នុងតម្លៃក្នុងរង្វង់ ១២០០រៀលទៅ ១៤០០រៀលក្នុងមួយគីឡូក្រាម ផ្ទុយមកវិញ ពូជរបស់ប្រទេសដទៃដូចជា អូអ៊ឹមឬអ៊ីអ៊ែរ តម្លៃឡើងចុះច្រើនមិនទៀតទាត់ ដោយឡែកពូជក្នុងស្រុកដែលជាពូជស្រូវបុរាណ ហាក់មិនសូវផ្តល់ផលចំណេញច្រើននោះទេ។

ទន្ទឹមគ្នានេះ លោកក៏ចង់ឱ្យកសិកររួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានការងារធានាទិញ ពីក្រុមហ៊ុនក្នុងតម្លៃជាក់លាក់មួយ ហើយទទួលបានការផ្តល់ប្រឹក្សាបច្ចេកទេសថែមទៀតផង។

លោកបានពន្យល់ថា «បើសិនជាកសិកររួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើប នោះតម្លៃក៏ដឹងមុន ទីផ្សារក៏រងចាំមុន មានអ្នកជំនាញបច្ចេកទេសរង់ចាំគាំទ្រ ខណៈទុនវិញ ក៏ត្រូវបានរដ្ឋាភិបាលសម្របសម្រួលឱ្យកសិករទទួលបានទុនផងដែរ ដូច្នេះមានរឿងល្អច្រើនដែលកសិករគួរពិចារណា ក្នុងការងាកមកប្រើប្រាស់ពូជយុទ្ធសាស្រ្តរបស់កម្ពុជា»

លោកបន្ថែមថា ប្រសិនបើកសិករមានបំណងបង្កើតសហគមន៍កសិកម្មទំនើប អាចទាក់ទងមន្រ្តីកសិកម្មឃុំនៅតាមមូលដ្ឋាន ឬអាជ្ញាធរមូលដ្ឋាន ដូចជាមេភូមិ មេឃុំ ថ្នាក់ស្រុក ថ្នាក់ខេត្ត ឬមន្ទីរកសិកម្ម នៅតាមបណ្តាខេត្តនីមួយៗជាដើម ឬអាចទាក់ទងមកក្រសួងកសិកម្ម តាមរយៈលេខ ១២៨៩ ឬទាក់ទងមកលោកដោយផ្ទាល់ ។ ក្នុងការបង្កើតសហគមន៍កសិកម្មបែបទំនើបមួយ កសិករគ្រាន់តែប្រមូលបានគ្នាចាប់ពី៥០គ្រួសារឡើងទៅ ក្នុងតំបន់តែមួយ ដើម្បីចងក្រងគ្នា។

លោកបានបញ្ជាក់ថា ឆាប់ៗនេះយើងនឹងឃើញវត្តមាន សហគមន៍ទំនើបជាច្រើន ដោយសារយើងផ្ដោតលើអង្ករក្រអូប ដូច្នេះវត្តមាននៃសហគមន៍ទំនើបនឹងលេចច្រើន នៅជុំវិញបឹងទន្លេសាប៕