(ភ្នំពេញ)៖ លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានលើកឡើងថា សេដ្ឋកិច្ចជាតិកម្ពុជានឹងបន្ដរីកចម្រើនកាន់តែខ្លាំង ប្រសិនបើប្រជាពលរដ្ឋ ចាប់ផ្ដើមប្រើប្រាស់ប្រាក់រៀលបានកាន់តែច្រើន។

ការលើកឡើងរបស់លោក យឹម លាត ធ្វើឡើងក្នុងសិក្ខាសាលាស្ដីពី ផ្សព្វផ្សាយស្តីពីប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) រៀបចំឡើងក្នុងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក យឹម លាត បានថ្លែងថា «ការប្រើប្រាស់ប្រាក់រៀល ជាការលើកកម្ពស់សេដ្ឋកិច្ចជាតិ ឲ្យរីកចម្រើនដោយផ្តើមចេញពីយើងទាំងអស់គ្នា។ ក្រោយពីបានដួលរលំនៃរបបកម្ពុជា ប្រជាធិបតេយ្យខ្មែរក្រហម នៅឆ្នាំ១៩៨៩ ឆ្នាំ១៩៩២ សេដ្ឋកិច្ចបានទទួលការកែទម្រង់ជាលំដាប់ ដោយមានលក្ខណៈជាសេដ្ឋកិច្ចផែនការផង និងសេដ្ឋកិច្ចទីផ្សារបណ្តើរៗ ហើយឆ្នាំ១៩៨៩ ច្បាប់ស្តីពី ការវិនិយោគត្រូវបានដាក់ឱ្យប្រើប្រាស់ ដើម្បីផ្ដល់សិទ្ឋិឱ្យឯកជនបង្កើតសហគ្រាសផលិតកម្ម»

លោក យឹម លាត បានរំលឹកផងដែរ អំពីប្រវត្តិខ្លះៗនៃប្រាក់រៀលថា នៅឆ្នាំ១៩៩១ អាជ្ញាធរបណ្តោះអាសន្ន អង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) បាននាំមកនូវប្រាក់ដុល្លារអាមេរិកយ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅក្នុងទីផ្សារកម្ពុជា ដែលធ្វើឱ្យដុល្លារូបនីយកម្មមានកម្រិតខ្ពស់ ស្របពេលទំនុកចិត្តលើប្រាក់រៀល នៅទន់ខ្សោយនៅឡើយ។ នៅឆ្នាំ១៩៩២ ធនាគារជាតិនៃប្រជាជនកម្ពុជា បានប្តូរឈ្មោះទៅជា ធនាគារជាតិនៃកម្ពុជា សេដ្ឋកិច្ចបានទទួលការកែទម្រង់ជាលំដាប់ដោយមានលក្ខណៈ ជាសេដ្ឋកិច្ចផែនការ និងសេដ្ឋកិច្ចទីផ្សារបណ្តើរៗផង។

ឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨ កម្ពុជាបានអនុវត្តរបបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស ហើយសេដ្ឋកិច្ចក៏បានកែប្រែជារបបទីផ្សារសេរី។ អតិផរណាបានធ្លាក់ចុះមកវិញ ពីកម្រិតដ៏ខ្ពស់កាលពី ក្នុងអំឡុងឆ្នាំ១៩៨៩-១៩៩២ ខណៈដែលប្រាក់ដុល្លារអាមេរិកត្រូវបាន ប្រើប្រាស់កាន់តែទូលំទូលាយក្នុងសេដ្ឋកិច្ច។

លោកបានថ្លែងបន្ថែម វិនិយោគផ្ទាល់បរទេសបានកើនឡើង ពិសេសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ពាណិជ្ជកម្មអន្តរជាតិបានកើនឡើងយ៉ាងឆាប់រហ័ស ហើយផលិតកម្មក្នុងស្រុក បានកើនឡើងគាំទ្រដល់កំណើនសេដ្ឋកិច្ចឱ្យកើនឡើងជាលំដាប់ ទោះជាយ៉ាងណា កម្ពុជាមិនទាន់មានសន្តិភាពពេញលេញនៅឡើយទេ រហូតដល់ខែធ្នូ ឆ្នាំ១៩៩៨។

ប្រព័ន្ធធនាគារបានកែទម្រង់ ពីប្រព័ន្ធមួយថ្នាក់ទៅប្រព័ន្ធពីរថ្នាក់ ដែលអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឯកជនបានកកើតឡើង ចាប់តាំងពីឆ្នាំ១៩៩១មក។ តួនាទីរបស់ប្រាក់រៀលបន្តមានកម្រិត ដោយសារប្រឈមនឹងចរាចរណ៍ប្រាក់ដុល្លារ យ៉ាងសន្ធឹកសន្ធាប់។

ចាប់ពីឆ្នាំ១៩៩៨ ប្រព័ន្ធធនាគារកម្ពុជា បានរីកចម្រើនយ៉ាងរឹងមាំច្បាប់ស្តីពី គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុត្រូវផ្ដល់ជាមូលដ្ឋានគតិយុត្តដ៏សំខាន់ សម្រាប់ការកែទម្រង់ប្រព័ន្ធធនាគារនៅឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០០ ហើយក្របខ័ណ្ឌបទប្បញ្ញាតិនានា ត្រូវបានរៀបចំឡើង ដើម្បីពង្រឹងជំនឿទុកចិត្ត របស់សាធារណជនមកលើប្រព័ន្ធធនាគារ។

លោកបានបញ្ជាក់បន្ថែមថា គិតចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៩ ទ្រព្យសកម្មវិស័យធនាគារ បានកើនឡើង១៦០ដង ពី៤៣៩លានដុល្លារ ដល់៧០.២៥២លានដុល្លារអាមេរិក។ ចំណែកឯឥណទាន បានកើនឡើង២១៨ដង ពី១៨០លានដុល្លារអាមេរិក ដល់៣៩.២១៥លានដុល្លារ និងប្រាក់បញ្ញើបានកើនឡើង២៧៦ដង ពី១៦៨លានដុល្លារ ដល់៤៦.៣៩១លានដុល្លារ។

លោក យឹម លាត បានបញ្ជាក់បន្ថែមថា ប្រជាជនដែលកំពុងប្រើប្រាស់សេវាធនាគារមានចំនួនប្រមាណ ៤.៨លាននាក់ ហើយកំពុងប្រើប្រាស់សេវាទូទាត់១០លាននាក់ ចំពោះកំណើននេះបង្ហាញពី ជំនឿទុកចិត្តរបស់វិនិយោគិន និងប្រជាពលរដ្ឋមកលើប្រព័ន្ឋធនាគារ និងរូបិយវត្ថុកម្ពុជា៕