(បន្ទាយមានជ័យ)៖ លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានបន្ដអំពាវនាវ ដល់ប្រជាពលរដ្ឋតាមបណ្តារោងចក្រ សហគ្រាស ក្រសួង-ស្ថាប័ន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តចូលរួមប្រើប្រាស់ប្រាក់រៀល ឱ្យបានកាន់តែទូលំទូលាយដូចជា ការទូទាត់ ការបិតស្លាកថ្លៃទំនិញជារៀល ការសន្សំ ព្រមទាំងផ្តល់អនុគ្រោះឱ្យកាន់តែច្រើន

ចំពោះការប្រើប្រាស់ប្រាក់រៀល។

ការលើកឡើងរបស់លោក យឹម លាត ធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចហ្សូអរ» នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក យឹម លាត បានថ្លែងឲ្យដឹងថា «ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជារឹងមាំ រាជរដ្ឋាភិបាល កម្ពុជាបានដាក់ចេញនូវ គោលនយោបាយជាច្រើន ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០ មក ក្នុងនោះក៏មានគោលនយោបាយ លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលផងដែរ ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ច មានលំនឹងល្អប្រសើរ ក្រោយកម្ពុជាទទួលបានសុខ សន្តិភាពពេញលេញនៅចុងឆ្នាំ ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា»

លោកទេសាភិបាលរងបានអំពាវនាវ ដល់ក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តចូលរួមប្រើប្រាស់ប្រាក់រៀល ឱ្យបានកាន់តែទូលំទូលាយ ទាំងការទូទាត់ជាប្រាក់រៀល ការបិទស្លាកថ្លៃទំនិញជារៀល និងការសន្សំជាប្រាក់រៀលជាដើម។

លោកបានថ្លែងឲ្យដឹងថា បើតាមលទ្ធផលសិក្សាស្រាវជ្រាវ របស់ធនាគារជាតិនៃកម្ពុជា សហការជាមួយ (JICA) កន្លងមកបានបង្ហាញថា ប្រាក់រៀលបានទទួលការទុកចិត្ត និងការប្រើប្រាស់កាន់តែច្រើន ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់ជនបទ ដែលប្រាក់រៀល ដើរតួនាទីចម្បង និងទូលំទូលាយទាំង ក្នុងសកម្មភាពរកប្រាក់ចំណូល ចំណាយ និងសន្សំ។

ជាក់ស្តែងសម្រាប់ខេត្តបន្ទាយមានជ័យ ទិន្នន័យស្រាវជ្រាវបង្ហាញថា គិតជាមធ្យមប្រមាណ៧១% នៃការចំណាយប្រចាំថ្ងៃរបស់ប្រជាជន ត្រូវបានធ្វើឡើងជាប្រាក់រៀល, ទោះបីជាខេត្តនេះស្ថិតនៅជាប់ព្រំដែន និងមានការដោះដូរពាណិជ្ជកម្ម ជាមួយប្រទេសជិតខាងច្រើនក៏ដោយ។

លោកបានបន្ថែមថា ចំណែកការចំណាយជាប្រចាំ, លទ្ធផលសិក្សាស្រាវជ្រាវ របស់ធនាគារជាតិនៃកម្ពុជា សហការជាមួយអង្គការ (UNDP) ក្នុងឆ្នាំ២០២៣ បានបង្ហាញដែរថា កម្មករនិយោជិតរោងចក្រ ដែលរស់នៅតាមបណ្តាខេត្ដ ចាយវាយប្រចាំថ្ងៃរហូតដល់ទៅ៩២% នៃចំណាយសរុបជាប្រាក់រៀល ជាពិសេសទៅលើការស្នាក់នៅថ្លៃទឹក-ភ្លើង ការធ្វើដំណើរជិតឆ្ងាយ អាហារ សំលៀកបំពាក់ និងថ្នាំសង្កូវ។

ចំណែកឯកម្មករនិយោជិតអ្នកដែលរស់នៅទីក្រុង ចាយវាយជាប្រាក់រៀល រហូតដល់ ៨២% នៃចំណាយសរុប។ ដូចនេះប្រសិនទាំងអ្នកលក់ និងអ្នកទិញ ប្រើប្រាស់ប្រាក់រៀលតែមួយនោះ គឺនឹងអាចជួយដល់ការលក់ដូរងាយស្រួល និងមិនចាំ បាច់ពិបាកគិតគូរដល់អត្រាប្តូរ ប្រាក់នោះទេ។

លោក យឹម លាត បានថ្លែងបន្ដថា បច្ចុប្បន្នការទូទាត់ប្រាក់ឆ្លងដែន ជាមួយប្រទេសវៀតណាម ថៃ និងឡាវ គឺ Scan QR Code ជាប្រាក់រៀលតែម្តង ដោយមិនចាំបាច់ដូរជាដុល្លារឡើយ ហើយនៅក្នុងឆ្នាំនេះ ធនាគារជាតិនៃកម្ពុជា នឹងអាចតភ្ជាប់ជាមួយប្រទេសឥណ្ឌា និងចិន ហើយមានផែនការតភ្ជាប់ជាមួយប្រទេសផ្សេងទៀត ក្នុងពិភពលោកផងដែរ។

ចំណែកបាគង សម្រាប់ទេសចរ (BakongTourists App) ភ្ញៀវទេសចរក៏អាចប្រើបាគង សម្រាប់ទេសចរនេះ នៅតាមបណ្ដាប្រទេសក្នុងតំបន់ ដែល កម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់នេះ ជាមួយផងដែរដូចជា ប្រទេសថៃ វៀតណាម ឡាវ និងមានប្រទេសជាច្រើនទៀត៕