(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា រួមមាន៖ ភ្នំពេញ, សៀមរាប និងព្រះសីហនុ ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត ៥លាននាក់ នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤ (រយៈពេល ១០ខែ) ស្ថានភាពវិស័យដឹកជញ្ជូនតាមផ្លូវ អាកាសសម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង៣ (ភ្នំពេញ-សៀមរាប-ព្រះសីហនុ/ PNH REP KOS) មាន៖
* ជើងហោះហើរចេញ-ចូល (ទ្វេទិស) មានចំនួនជិត៥ម៉ឺនជើង (៤៧,៤៤៧ជើង) មានការកើនឡើង១៤% បើធៀបទៅនឹងរយៈពេលដូចគ្នា (១០ខែ) ឆ្នាំ២០២៣
* អ្នកដំណើរចេញ-ចូល (ទ្វេទិស) មានចំនួនជិត៥លាននាក់ (៤,៩៧៨,៦៦៣នាក់) មានការកើនឡើង២១% បើធៀបទៅនឹងរយៈពេលដូចគ្នា (១០ខែ) ឆ្នាំ២០២៣
* ទំនិញតាមផ្លូវអាកាសចេញ-ចូល (ទ្វេទិស) មានចំនួនជាង៦ម៉ឺនតោន (៦៣,៣០៤,០២២គីឡូក្រាម) មានការកើនឡើង៣៧% បើធៀបទៅនឹងរយៈពេលដូចគ្នា (១០ខែ) ឆ្នាំ២០២៣
ដោយឡែក សម្រាប់តែខែតុលា ឆ្នាំ២០២៤ (១ខែ) អាកាសយានដ្ឋានអន្តរជាតិទាំង៣ទទួលបាន៖
* ជើងហោះហើរចេញ-ចូល (ទ្វេទិស) មានចំនួនជិត ៥ពាន់ជើង (៤,៧៩៩ ជើង) មានការកើនឡើងជាង ១០% បើធៀបទៅនឹងខែតុលា ឆ្នាំ២០២៣
* អ្នកដំណើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៥០ម៉ឺននាក់ (៥៣០,៩៨៨ នាក់) មានការកើនឡើងជិត ២០% បើធៀបទៅនឹងខែតុលា ឆ្នាំ២០២៣
* ទំនិញតាមផ្លូវអាកាស (ទ្វេទិស) មានចំនួនជិត ៧ពាន់តោន (៦,៦៦៨,០០០ គីឡូក្រាម) មានការកើនឡើងជាង ១៧% បើធៀបទៅនឹងខែតុលា ឆ្នាំ២០២៣។
ជាមួយគ្នានេះ លោក ស៊ីន ចាន់សិរីវុត្ថា ក៏បានឲ្យដឹងផងដែរ ចំពោះវឌ្ឍនភាពអាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) TIA គិតត្រឹមថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤៖
* ការងារសាងសង់ជារួម គឺសម្រេចបានជាង៩០% ដោយចំណាយទឹកប្រាក់សរុបគិតមកដល់ពេលនេះ អស់ចំនួនប្រមាណជាង ១៣០០លានដុល្លារ (ជាការវិនិយោគ ក្នុងភាពជាដៃគូរវាងរដ្ឋ (SSCA) និងឯកជន ក្រុមហ៊ុន OCIC)
* ការងារសំណង់ធំៗ និងសំខាន់ៗ នឹងបញ្ចប់នៅចុងឆ្នាំ២០២៤ (បំណាច់ខែធ្នូ)៖ គិតមកដល់ពេលនេះ បុគ្គលិក កម្មករ វិស្វករ និងអ្នកគ្រប់គ្រងដែលកំពុងបំរើការមានចំនួនសរុប ប្រមាណជាង ១៥,០០០នាក់ (ខ្មែរ ៩០%)។
លោក ស៊ីន ចានសិរីវុត្ថា បានបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលទេនោះ អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដាក់សម្ពោធជាផ្លូវការ នៅក្នុងពាក់កណ្តាលឆ្នាំ២០២៥ (បំណាច់ឆមាសទី១) ក្រោមអធិបតីភាព របស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី៕