(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) រំពឹងថា នៅដំណាច់ឆ្នាំ២០២៤ខាងមុខនេះ គម្រោងវិនិយោគប្រមាណ៤០០គម្រោង ឬលើសនេះ នឹងត្រូវអនុម័ត ដែលជាប្រវត្តិថ្មីមិនធ្លាប់មាន សម្រាប់ CDC ពីមុនមក។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងបែបនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធcdcIPM) នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា គិតមកទល់ពេលនេះ រាជរដ្ឋាភិបាលបានអនុម័តគម្រោងវិនិយោគចំនួន ៣៧៩គម្រោង ដែលមានទុនវិនិយោគប្រមាណ ៦ពាន់លានដុល្លារ កើនឡើង ១២៩គម្រោង បើធៀបនឹងឆ្នាំ២០២៣ ដែលមានតែ ២៦៨គម្រោង មានទំហំ ៤.៩ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយលោកសង្ឃឹមថា រហូតដល់ដំណាច់ឆ្នាំ២០២៤នេះ នឹងអាចទទួលបានគម្រោងវិនិយោគរហូត ៤០០គម្រោង។
លោកមានប្រសាសន៍ថា «យើងខិតខំធ្វើយ៉ាងណាជំរុញយ៉ាងតិចឱ្យបាន ២១ទៀត ឱ្យលើសបាន៤០០ បើបានលើស៤០០ គឺជាលើកទី១ នៃប្រវត្តិសាស្រ្តរបស់CDC ដែលយើងអនុម័តគម្រោងលើស៤០០។ យើងសង្ឃឹមច្រើនណាស់ ពេលដែលយើងបានធ្វើទស្សនកិច្ចទៅអឺរ៉ុប យើងស្តាប់ភាសាក្រុមអ្នកវិនិយោគថា ខ្ញុំចង់រកទីតាំង ដើម្បីបណ្តាក់ទុននៅកម្ពុជា អីចឹងយើងសង្ឃឹមថាមានក្រុមហ៊ុន មកពីសហរដ្ឋអាមេរិក កាណាដា អឺរ៉ុប។ ប៉ុន្តែក៏យើងត្រូវរៀបចំផ្ទះយើងឱ្យស្អាត»។
លោកមានប្រសាសន៍ថា កម្ពុជាបានវិនិយោគិន វិនិយោគលើវិស័យទាក់ទាញមួយចំនួន ដូចជា វិស័យអេឡិចត្រូនិក មេកានិក កែច្នៃកសិផល ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងថាមពលជាដើម។
ជាមួយគ្នានេះ លោកសង្ឃឹមច្រើន ក្នុងការទទួលបានអ្នកវិនិយោគបន្ថែមទៀតនៅឆ្នាំក្រោយ ដោយសារក្រុមហ៊ុនមួយចំនួនមានបំណងចង់រើទីតាំងវិនិយោគ ជាពិសេសការរើសទីតាំងពីប្រទេសចិន មកកាន់ប្រទេសផ្សេងទៀត ហើយកម្ពុជារង់ចាំទទួលស្វាគមន៍ការវិនិយោគមកពីបរទេស មិនថាវិនិយោគបរទេសមកពីចិន ឬពីប្រទេសណានោះទេ ខណៈច្បាប់វិនិយោគរបស់កម្ពុជាមិនមានការរើសអើងនោះទេ ឱ្យតែវិនិយោគិនគោរពច្បាប់វិនិយោគនៅកម្ពុជា នោះនឹងអនុម័តឱ្យបណ្តាក់ទុននៅកម្ពុជា។
ទន្ទឹមគ្នានេះ លោកបានលើកឡើងពីកាលានុវត្តភាពជាច្រើន ដែលកម្ពុជាមាន ក្នុងការទាក់ទាញវិនិយោគិនបរទេស ដូចជាកត្តាសុខសន្តិភាព មានប្រជាជនពេញវ័យក្មេងច្រើន និងមានទីផ្សារទូលំទូលាយ ព្រមទាំងមានប្រព័ន្ធអនុគ្រោះពន្ធ EBA ពីអឺរ៉ុប និងប្រព័ន្ធអនុគ្រោះពន្ធ GSP ដែលជាតក្តាដ៏សំខាន់ ក្នុងការទាក់ទាញវិនយោគិន៕