(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) រំពឹងក្រុមហ៊ុន BYD អាចដំណើរការច្រវាក់ផលិតកម្មដំឡើង រថយន្តអគ្គិសនីរបស់នៅកម្ពុជា នៅឆ្នាំ២០២៥ ខណៈភាគីកម្ពុជា និងក្រុមហ៊ុនបានចរចាបញ្ចប់នីតិវិធីរួចរាល់ហើយ។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងបែបនេះ ធ្វើឡើងក្នុងសន្និសិទសារព័ត៌មាន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធcdcIPM) នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថាដឹងថា បច្ចុប្បន្ននេះក្រុមហ៊ុនបានរៀបចំឯកសាររួចរាល់អស់ហើយ នៅតែដាក់ជូនសម្តេចបវរធិបតី ក្នុងការពិនិត្យ និងឯកភាព និងដាក់ឯកសារចូលមកប្រឹក្សាអភិវឌ្ឍន៍កម្ពុជាប៉ុណ្ណោះ។
លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទី១.គេរង់ចាំការសម្រេចចុងក្រោយរបស់សម្តេចធិបតី, ទី២.គេកំពុងចរចាទីតាំង ទី៣. គេបានរើសមេធាវីនៅស្រុកខ្មែរ ឱ្យរៀបចំឯកសារដាក់ចូលនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការបង្កើតឈ្មោះ។ ខ្ញុំថាបើរៀបចំ ទាន់ឆ្នាំ២០២៥ ឬដាច់ឆ្នាំ២០២៥ នឹងអាចបើក ហើយដំឡើងនៅកម្ពុជាយើង»។
យ៉ាងនេះក្តីលោកមិនទាន់អាចបង្ហើបពីទុនវិនិយោគ ដែលក្រុមហ៊ុន ចង់បណ្តាក់ទុកនៅកម្ពុជាបាននៅឡើយ ដោយក្រុមហ៊ុននេះ កំពុងពិចារណាពីតួលេខនៃការដំឡើងនៅកម្ពុជា។
គួរជម្រាបដែរថា ក្រុមហ៊ុន BYD ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនប្រកួតប្រជែងដ៏កំពូលជាមួយនឹង Tesla។ ក្រុមហ៊ុននេះ បានពង្រីកខ្លួនជាសកលកាន់តែខ្លាំងឡើង និងមានរោងចក្រនៅទូទាំងពិភពលោក សូម្បីតែទីផ្សារយក្សដូចជា សហរដ្ឋអាមេរិក ប្រេស៊ីល ជប៉ុន និងឥណ្ឌា ក៏ BYD មានរោងចក្រនៅទីនោះផងដែរ៕