(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានលើកឡើងនៅថ្ងៃអង្គារថា លោកនឹងអំពាវនាវចំពោះបណ្តាក្រុមហ៊ុន ឱ្យដំឡើងថ្លៃប្រាក់ឈ្នួលខ្ពស់ នៅក្នុងការចរចាប្រាក់ឈ្នួលកម្មករ សម្រាប់ឆ្នាំក្រោយ, ស្របពេលដែលរដ្ឋាភិបាលរបស់លោក បានដាក់ការដំឡើងប្រាក់ឈ្នួល នៅចំណុចលើគេ នៃចំណុចអាទិភាពគោលនយោបាយសាធារណៈរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក Ishiba ដែលរដ្ឋាភិបាលចម្រុះមានភាពផុយស្រួយរបស់លោក កំពុងស្ថិតនៅក្រោមសម្ពាធ ស្តីពីការបង្កើនការចំណាយលើសុខុមាលភាព និងការទូទាត់ថ្លៃកើនឡើងនោះ, បានប្តេជ្ញាជំរុញឱ្យមានកំណើនប្រាក់ឈ្នួល នៅការចរចា «Shunto» ប្រចាំឆ្នាំនៅនិទាឃរដូវក្រោយ បន្ទាប់ពីបណ្តាក្រុមហ៊ុនជប៉ុន បានផ្តល់ការដំឡើងប្រាក់ឈ្នួលដ៏ធំជាងគេបំផុតរបស់ពួកគេ ក្នុងរយៈពេល៣៣ឆ្នាំ កាលពីដើមឆ្នាំនេះ។

«យើងស្នើឱ្យអាជីវកម្មសហការគ្នា ដើម្បីសម្រេចបាននូវកំណើនប្រាក់ឈ្នួលច្រើន ក្នុងការចរចាឆ្នាំក្រោយ», លោក Ishiba បានលើកឡើង ក្រោយពីបញ្ចប់កិច្ចប្រជុំត្រីភាគី រវាងរដ្ឋាភិបាល, ធុរជន និងមេដឹកនាំសហជីព។

ក្រុមសហជីពកម្មករធំជាងគេបំផុតរបស់ជប៉ុន បាននិងកំពុងខិតខំឱ្យមានការដំឡើងប្រាក់ឈ្នួល យ៉ាងហោចណាស់៥ភាករយ ក្នុងឆ្នាំ២០២៥, ស្រដៀងគ្នាទៅនឹងការកើនឡើងខ្លាំង នៅក្នុងឆ្នាំនេះ។

លោក Ishiba ក៏បានសន្យាថា នឹងដាក់ចេញនូវវិធានការជាក់លាក់ នៅនិទាឃរដូវក្រោយ ដើម្បីសម្រេចបាននូវគោលដៅគោលនយោបាយរបស់លោក ក្នុងការបង្កើនប្រាក់ឈ្នួលអប្បបរមាជាមធ្យម៤២ភាគរយ នៅចុងបញ្ចប់នៃទសវត្សរ៍នេះ។

រដ្ឋាភិបាល មានគម្រោងបន្តការពិភាក្សាជាមួយធុរជន និងមេសហជីព ស្តីពីគោលដៅប្រាក់ឈ្នួលអប្បបរមា ហើយរំពឹងថានឹងបង្កើតបរិស្ថានមួយ ដែលប្រាក់ឈ្នួលអាចកើនឡើង។ លោក Ishiba បានលើកឡើង។

សូមបញ្ជាក់ថា ក្របខណ្ឌ៣មធ្យោបាយ របស់រដ្ឋាភិបាល ធុរជន និងមេដឹកនាំសហជីព ដើម្បីពិភាក្សាអំពីប្រាក់ឈ្នួល ត្រូវបានបង្កើតឡើងភ្លាមៗ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី Shinzo Abe បានឡើងកាន់អំណាច នៅចុងឆ្នាំ២០១២ ដោយប្តេជ្ញាថា នឹងធ្វើឱ្យសេដ្ឋកិច្ចប្រសើរឡើង៕