(ភ្នំពេញ)៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤នេះ ការតភ្ជាប់ជើងហោះហើររវាងកម្ពុជា និងចិន ទទួលបានអ្នកដំណើរចំនួន ៧៣៣ ៧២៩នាក់ កើនឡើង៨៣% បើធៀបនឹងរយៈពេល១០ខែក្នុងឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
លោកបានឱ្យដឹងផងដែរថា ចំនួនជើងហោះហើររវាងកម្ពុជា-ចិន ក្នុងរយៈពេល១០ខែនេះ មានចំនួន ៥ ៤៨៦ជើង កើនឡើង៦០% បើធៀបនឹង១០ខែក្នុងឆ្នាំ២០២៣ ខណៈការដឹកជញ្ជូនទំនិញវិញ មានចំនួន ៦ ៣៤១តោន កើនឡើង ៣៨%ធៀបនឹងឆ្នាំ២០២៣។
បើតាមលោក ស៊ីន ចាន់សិរីវុត្ថា បច្ចុប្បន្ននេះក្រុមហ៊ុនអាកាសចរណ៍ ដែលបានដំណើរការហោះហើរទៅមករវាងកម្ពុជា និងចិន មានចំនួន៨ និងមានហោះហើរសរុប ១៦០ជើងក្នុងមួយសប្តាហ៍។ ក្នុងនោះ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាមានចំនួន ២គឺ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air និង Cambodia Airways ដែលបានភ្ជាប់ជើងហោះហើរ ទៅមកពីភ្នំពេញទៅកាន់ ៩ទីក្រុងនៅប្រទេសចិន រួមមាន ទីក្រុងក្វាងចូវ ហ្សិនចូវ ណាងនីង ស៊ានយ៉ា ធានហ្វូ ណានថុង ស៊ិនជិន ហៃគូ និងជុងជីង។
ចំណែកក្រុមហ៊ុនអាកាសចរណ៍របស់ចិនមានចំនួន៦ រួមមានក្រុមហ៊ុនអាកាសចរណ៍ Air China , China Southern Airlines, China Easternes, Spring Airlines , Shenzhen Airlines និង Xiamen Airlines ដែលបានតភ្ជាប់ជើងហោះហើរមកទៅរវាងទីក្រុងប៉េកាំង ក្វាងចូវ សៀងហៃ ស៊ិនជិន គុនមីង ស្យាមិន ចុងជិង មកភ្នំពេញ។
រីឯជើងហោះហើរដែលបានភ្ជាប់ជាមួយអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានតភ្ជាប់ ១ទីក្រុង គឺ គុនមីង-សៀមរាប ដែលបានហោះហើរ ៦ជើងក្នុងមួយសប្តាហ៍៕