(ភ្នំពេញ)៖ ​លោក សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន​ ​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា ក្នុងការបង្កើនធនធានមនុស្សវិស័យឌីជីថលនៅកម្ពុជា ក្រសួងបានដាក់ចេញនូវយុទ្ធសាស្រ្ត​ ជំរុញ និងលើកទឹកឱ្យសិស្សឆ្នើម ពូកែៗ ដែលទើបបញ្ចប់ការសិក្សានៅថ្នាក់ទី១២ ចាប់យកជំនាញឌីជីថល នៅថ្នាក់បរិញ្ញាបត្រឱ្យបានច្រើន​ ដើម្បីជំរុញការផលិតធនធានបន្ថែមលើជំនាញនេះ។

លោក សំ សិទ្ធិសេរី លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធី FRESH BUSINESS​ ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ស្ថានភាពនៃការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា»។ ​

លោកបានមានប្រសាសន៍បន្តថា ​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្តល់ឱកាសដល់សិស្សពូកែឱ្យចាប់យកជំនាញឌីជីថលនេះ តាមរយៈការផ្តល់នូវអាហារូបករណ៍ទេពកោសល្យតេជោ ​ដែលក្នុងរយៈពេល៣ឆ្នាំមកនេះ ក្រសួងបានផ្តល់អាហារូបករណ៍ដល់សិស្សប្រមាណ ៩០០នាក់​ និងនៅឆ្នាំ២០២៤នេះ គ្រោងផ្តល់អាហារូបករណ៍ ៥០០កន្លែងបន្ថែមទៀតសម្រាប់និស្សិតឆ្នើម។

លោកបានកត់សម្គាល់ថា ជំនាញឌីជីដល គឺជាជំនាញមួយដែលល្អខ្លាំង ស្របជាមួយនឹងអភិវឌ្ឍន៍នៃសង្គម សេដ្ឋកិច្ច និងបច្ចុប្បន្នភាពនៃពិភពលោក ដែលគេត្រូវការជំនាញនេះជាចាំបាច់ និងមានតម្រូវការខ្ពស់ទាំងវិស័យរដ្ឋ និងឯកជន​។
ជាទូទៅសិស្សដែលបានរៀនចប់ជំនាញឌីជីថលនេះ ជាមធ្យមទទួលបានប្រាក់ខែ៥០០ដុល្លារក្នុងមួយខែ ហើយប្រសិនបើគាត់ជានិស្សិតឆ្នើមទៀត នោះនឹងមានក្រុមហ៊ុនធំៗជាច្រើនរង់ចាំទទួលឱ្យចូលធ្វើការ៕

សូមស្តាប់ការលើកឡើងបន្ថែមរបស់ មន្ដ្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៖