(ភ្នំពេញ)៖ លោក សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានបានថ្លែងថា បច្ចុប្បន្នកម្ពុជា មានធនធានផ្នែកឌីជីថល ភាគច្រើនក្នុងកម្រិតមធ្យម និងទាប ខណៈកម្រិតខ្ពស់មានតិច ដោយសារមូលដ្ឋានអប់រំនៅមានកម្រិត។

ការលើកឡើងរបស់លោក​ សំ សិទ្ធិសេរី ធ្វើឡើងក្នុងកម្មវិធី​ FRESH BUSINESS: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ស្ថានភាពនៃការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា»

លោក សំ សិទ្ធិសេរី បានថ្លែងឲ្យដឹងថា តាមការសិក្សាបានបញ្ជាក់ថា យុវជននៅកម្ពុជាមានច្រើន នាបច្ចុប្បន្ន ប៉ុន្ដែយុវជនដែលចេះឌីជីថល អាចប្រើប្រាស់ឧបករណ៍ឌីជីថលមានប្រមាណ ៣០ភាគរយប៉ុណ្ណោះ ក្នុងនោះយើងស្នើឲ្យរដ្ឋាភិបាលបញ្ជ្រាបចំណេះដឹង លើជំនាញឌីជីថលចាំបាច់ ដល់គ្រប់កម្រិតនៃចំណេះដឹងទូទៅតាំងពីបឋមសិក្សា ដល់អនុវិទ្យាល័យ។

លោក សំ សិទ្ធិសេរី បានបញ្ជាក់ថា ឥឡូវនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កំពុងធ្វើការ ជាមួយក្រសួងអប់រំ យុវជន និងកីឡា រៀបចំជាមាតិកាដាក់បញ្ជូលក្នុងការសិក្សានៃសាលាចំណេះដឹងទូទៅផងដែរ។

លោកបានបន្ដថា យុវជនឌីជីថលត្រូវមានចំណេះដឹង ឌីជីថលមូលដ្ឋាន ដោយអាចស្វែងរកព័ត៌មាន ក្នុងផ្លេតហ្វមឌីជីថលផ្សេងៗ, មានសមត្ថភាពវាយតម្លៃជាមូលដ្ឋានថាព័ត៌មានណាពិត ព័ត៌មានណាមិនពិត, មានចំណេះដឹងការពារខ្លួនជាមូលដ្ឋាន និងត្រូវតែជាមនុស្ស ដែលចូលចិត្តសិក្សាបច្ចេកវិទ្យាថ្មីៗ៕

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក សំ សិទ្ធិសេរី៖