(ញូវយ៉ក)៖ ក្រុមហ៊ុនវាយតម្លៃចំណាត់ថ្នាក់ឥណទាន Moody's របស់អាមេរិកបានឱ្យដឹងកាលពីថ្ងៃពុធថា ខ្លួនអាចនឹងដំឡើងចំណាត់ថ្នាក់ឥណទានរូបិយប័ណ្ណបរទេស រយៈពេលវែងរបស់ប្រទេសស្រីលង្កា ដែលបច្ចុប្បន្នស្ថិតក្នុងកម្រិត “Ca” បន្ទាប់ពីរដ្ឋាភិបាលបានបោះផ្សាយមូលបត្របំណុលថ្មី ជំនួសបំណុលចាស់ ក្នុងគោលបណងបញ្ចប់ការរៀបចំបំណុលឡើងវិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការដោះដូរមូលបត្របំណុលនេះ ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ គឺជាផ្នែកដ៏សំខាន់មួយនៃការរៀបចំមូលបត្របំណុលឡើងវិញ ដែលមានទឹកប្រាក់ ១២,៥៥ពាន់លានដុល្លាររបស់ប្រទេសដីកោះមួយនេះ និងការខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យមានស្ថិរភាពសេដ្ឋកិច្ចឡើងវិញ។
នាពេលនេះ ក្រុមហ៊ុន Moody's បានដំឡើងជាបណ្ដោះអាសន្ននូវចំណាត់មូលបត្របំណុលរូបិយប័ណ្ណដុល្លារដល់កម្រិត “Caa1” ពោលគឺបីកម្រិតខ្ពស់ជាងចំណាត់ថ្នាក់បច្ចុប្បន្ន “Ca” ទោះបីជានៅតែស្ថិតក្នុងចំណាត់ថ្នាក់មិនល្អក្ដី។ ក្នុងការបោះផ្សាយមូលបត្របំណុលថ្មីជំនួស មូលបត្របំណុលចាស់ រដ្ឋាភិបាលស្រីលង្កាបានបោះផ្សាយមូលបត្របំណុល ចងភ្ជាប់នឹងម៉ាក្រូសេដ្ឋកិច្ច (MLBs) មូលបត្របំណុលចងភ្ជាប់នឹងអភិបាលកិច្ច (GLB) និងមូលបត្របំណុលប្រភេទផ្សេងទៀត ក្នុងគោលបំណងស្តារស្ថិរភាពទីផ្សារហិរញ្ញវត្ថុវិញ។
មូលបត្របំណុលប្រភេទ MLBs បានទម្លាក់ថ្លៃប្រាក់ដើម ខណៈដែលមូលបត្របំណុលប្រភេទ GLB គឺជាប្រភេទមូលបត្របំណុលលើកដំបូងមិនធ្លាប់មាន ដែលបានបង្កើនការមន្ទិលសង្ស័យថា តើទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ឥណទាននានា នឹងវាយតម្លៃចំណាត់ថ្នាក់មូលបត្របំណុលទាំងនេះដោយរបៀបណា ដែលការវាយតម្លៃនេះជាលក្ខខណ្ឌតម្រូវមួយ សម្រាប់ដាក់បញ្ចូលទៅក្នុងសន្ទស្សន៍មូលបត្របំណុលនានា។
ក្រុមហ៊ុន Moody's បាននិយាយថា ការលក់មូលបត្របំណុលប្រភេទទាំងនេះ នឹងផ្តល់ចំណាត់ថ្នាក់ស្មើគ្នាជាមួយនឹងមូលបត្របំណុលរដ្ឋាភិបាល ប្រហាក់ប្រហែលគ្នាផ្សេងទៀត។
ប្រទេសស្រីលង្កាបានបរាជ័យសងបំណុលបរទេសរបស់ខ្លួន ជាលើកដំបូងនៅក្នុងខែឧសភា ឆ្នាំ២០២២ ដោយបានបន្តនៅក្រោមវិបត្តិធ្ងន់ធ្ងរក្នុងគ្រា ដែលមានបន្ទុកបំណុលដ៏ធ្ងន់ និងការធ្លាក់ចុះទុនបម្រុងរូបិយប័ណ្ណបរទេស៕