(សិង្ហបុរី)៖ លោក ឡូរែន វង់ (Lawrence Wong) នាយករដ្ឋមន្ត្រីសិង្ហបុរីបានឱ្យដឹង នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រទេសសិង្ហបុរីនិងប្រទេសថៃអាចបង្កើតទំនាក់ទំនងជិតស្និទ្ធរបស់ខ្លួន ដើម្បីធ្វើការងាររួមគ្នាពាក់ព័ន្ធនឹងឥណទានកាបូន និងសន្តិសុខស្បៀង។ នេះបើយោងតាមកាសែត Channel News Asia។
កាសែត Channel News Asia បានរាយការណ៍ថា លោកនាយករដ្ឋមន្ត្រី Wong បានគូសបញ្ជាក់អំពីសេដ្ឋកិច្ចបៃតងថាជាវិស័យមួយ ដែលប្រទេសទាំងពីរអាចពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ សមភាគីថៃគឺអ្នកស្រី Paetongtarn Shinawatra នៅទីក្រុងបាងកក។
ដោយកត់សម្គាល់ថា ប្រទេសថៃកំពុងបង្កើនការផលិតថាមពលបៃតងរបស់ខ្លួន តាមរយៈប្រភពនានាដូចជាអ៊ីដ្រូសែន និងជីវឥន្ធនៈ លោក Wong បាននិយាយថា ភាគីទាំងពីរអាច «ធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀងអនុវត្តមួយ ស្តីពីកិច្ចសហប្រតិបត្តិការឥណទានកាបូន ដែលនឹងបើកឱកាសថ្មីសម្រាប់ក្រុមហ៊ុនរបស់យើង»។
លោកបានបន្ថែមថា សន្តិសុខស្បៀង គឺជាអ្វីដែលលោកបានពិភាក្សាពីមុនជាមួយអ្នកស្រី Paetongtarn នៅពេលដែលពួកគេបានជួបគ្នានៅក្នុងជំនួបក្រៅកិច្ចប្រជុំកំពូល សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅប្រទេសឡាវកាលពីខែមុន។
លោក Wong បាននិយាយថា នៅពេលនោះ លោកស្រី Paetongtarn បានធ្វើបច្ចុប្បន្នភាពជូនគាត់អំពីអាទិភាពរបស់អ្នកស្រីលើបញ្ហានេះផងដែរ។ លោកបានបន្តថា៖ «ការណ៍នេះក៏មានសារៈសំខាន់ផងដែរសម្រាប់ប្រទេសសិង្ហបុរី ដោយសារយើងនាំចូលភាគច្រើននូវអ្វីដែលយើងប្រើប្រាស់ ហើយយើងកំពុងបន្តសម្លឹងមើលការពង្រឹងសន្តិសុខស្បៀងរបស់យើង»។
នៅក្នុងសុន្ទរកថារបស់អ្នកស្រី Paetongtarn អ្នកស្រីបាននិយាយថា ប្រទេសថៃចង់ពង្រឹងសន្តិសុខស្បៀងរបស់សិង្ហបុរី តាមរយៈការបង្កើនការនាំចេញអង្ករ និងស៊ុតសរីរាង្គទៅកាន់ប្រទេសសិង្ហបុរី។ នេះបើយោងតាមកាសែត Channel News Asia៕