(ភ្នំពេញ)៖ លោក សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា ដើម្បីជំរុញការយល់ដឹងផ្នែកឌីជីថល ក្រសួងបានបង្កើតឱ្យមានក្រុមនិស្សិតស្ម័គ្រចិត្ដ ICT ចុះទៅផ្សព្វផ្សាយ អំពីការប្រើប្រាស់ឌីជីថល ដល់ប្រជាពលរដ្ឋ ទៅតាមតំបន់ដាច់ស្រយាល។

ការលើកឡើងរបស់លោក សំ សិទ្ធិសេរី ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ស្ថានភាពនៃការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា»

លោក សំ សិទ្ធិសេរី បានថ្លែងថា «ដើម្បីឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍ និងងាកមកប្រើប្រាស់ប្រព័ន្ធឌីជីថលកាន់តែច្រើន ក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្កើតក្រុមនិស្សិតស្ម័គ្រចិត្ដ ICT ចុះទៅផ្សព្វផ្សាយ អំពីការប្រើប្រាស់ឌីជីថល ដល់ប្រជាពលរដ្ឋ ទៅតាមតំបន់ដាច់ស្រយាល ផ្សព្វផ្សាយពីភាពចាំបាច់នៃការប្រើប្រាស់បច្ចេកវិទ្យា ជូនដល់បងប្អូនប្រជាពលរដ្ឋ​ សិស្សានុសិស្ស និងមន្រ្ដីតាមមូលដ្ឋានក្នុងស្រុកភូមិ ឃុំ ដាច់ស្រាយាល»

លោកបានបន្ដថា ចំពោះការបង្កើតក្រុមនិស្សិតស្ម័គ្រចិត្ដ ICT ចុះទៅផ្សព្វផ្សាយ គឺជាគម្រោងរបស់ក្រសួង ហើយក្នុងមួយឆ្នាំៗយើងគៀរគរ និស្សិតចុះផ្សព្វផ្សាយប្រមាណ ១០០នាក់ក្នុងមួយឆ្នាំ តាមខេត្តដែលបានកំណត់។ អ្វីដែលក្រសួងបានដាក់ចេញ គឺឲ្យសិស្សនិស្សិតចុះបញ្ជ្រាបចំណេះដឹង អំពីឌីជីថលមូលដ្ឋាន គណិតវិទ្យា និងភាសាអង់គ្លេស។

លោកបានបញ្ជាក់បន្ថែមថា ក្នុងនោះយើងមានការចាំបាច់ ក្នុងការបញ្ជ្រាបចំណេះដឹងអំពី បច្ចេកវិទ្យាឌីជីថលជូនប្រជាពលរដ្ឋ ព្រោះចំណេះដឹងបច្ចេកវិទ្យាឌីជីថលនេះ នឹងចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេស មានន័យថា ប្រសិនបើប្រជាពលរដ្ឋចេះច្រើន លើការប្រើប្រាស់ឌីជីថល នឹងជួយដល់កិច្ចការងារ, ការសិក្សា ហើយនឹងធ្វើឲ្យពលរដ្ឋចាប់អារម្មណ៍ នឹងងាកមកចាប់ជំនាញឌីជីថល នៅពេលក្រោយ៕

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក សំ សិទ្ធិសេរី៖