(ញូវដេលី)៖ ធនាគារិក ៨នាក់ដែលស្នើសុំមិនបញ្ចេញអត្តសញ្ញាណបាននិយាយថា ធនាគារនានានៅប្រទេសឥណ្ឌា រួមទាំងធនាគារ State Bank of India (SBI) កំពុងពិនិត្យមើលការប្រឈមរបស់ពួកគេទៅនឹងក្រុមហ៊ុន Adani Group និងពិនិត្យមើលថាតើពួកគេត្រូវរឹតបន្តឹងការពិនិត្យមើលរបស់ខ្លួននៅពេលផ្តល់ប្រាក់កម្ចីថ្មីឱ្យក្រុមហ៊ុននេះដែរឬយ៉ាងណា បន្ទាប់ពីសហរដ្ឋអាមេរិកបានចោទប្រកាន់លោក Gautam Adani ពីបទស៊ីសំណូក។
ទីភ្នាក់ងារព័ត៌មានបានរាយការណ៍ថា ធនាគារ Bank of India ធនាគារ Union Bank ធនាគារ ICICI Bank ធនាគារ Canara Bank ធនាគារ IDBI និងធនាគារ RBL ដែលប្រឈមទៅនឹងក្រុមហ៊ុន Adani Group តិចជាងធនាគារ SBI ក៏កំពុងអនុវត្តកិច្ចការស្រដៀងគ្នានេះផងដែរ។
ការពិនិត្យឡើងវិញណាមួយដែលត្រូវធ្វើឡើងនឹងមិនតម្រូវឱ្យមានការផ្លាស់ប្តូរណាមួយនៅក្នុងវិធីសាស្រ្តឥណទានរបស់ធនាគារទាំងនោះទាក់ទងនឹងក្រុមហ៊ុន Adani Group ទេ។
ប្រភពមកពីអាជ្ញាធរផ្នែកបទប្បញ្ញត្តិដែលដឹងពីបញ្ហានេះបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា មើលពីជ្រុងប្រព័ន្ធធនាគារវិញ មិនចាំបាច់ភ័យស្លន់ស្លោទេព្រោះគ្មានធនាគារណាមួយនៅក្នុងពេលនេះប្រឈមខ្លាំងទៅនឹងក្រុមហ៊ុន Adani Group ឡើយ។
យោងតាមក្រុមហ៊ុនឈ្មួញជើងសារ IIFL Securities បានឱ្យដឹងថា ធនាគារ SBI ប្រឈមខ្លាំងជាគេទៅនឹងក្រុមហ៊ុន Adani Group ក្នុងចំណោមធនាគារនៅប្រទេសឥណ្ឌា ដោយបានផ្តល់កម្ចីចំនួន ៣៣៨ពាន់លានរូពី (៤ពាន់លានដុល្លារ)។
ប្រភពនានាបានប្រាប់រ៉យទ័រថា ធនាគារ SBI នឹងមិនបញ្ឈប់ការផ្តល់ប្រាក់កម្ចីរបស់ខ្លួនដល់គម្រោងនានាដែលកំពុងដំណើរការជិតចប់របស់ក្រុមហ៊ុន Adani ទេ ប៉ុន្តែប្រភពដដែលនេះបានបន្ថែមថា ធនាគារ SBI នឹងអនុវត្តការពិនិត្យមើលឡើងវិញដោយប្រុងប្រយ័ត្នខណៈពេលដែលបញ្ចេញប្រាក់កម្ចីដើម្បីធានាថា ក្រុមហ៊ុន Adani ឆ្លើយតបទៅនឹងលក្ខខណ្ឌកម្ចីទាំងអស់៕