(បាងកក)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានព្យាករថានឹងកើនឡើងដល់ ២,៧% នៅឆ្នាំនេះ និង ២,៩% នៅឆ្នាំក្រោយ ដែលឆ្លុះបញ្ចាំងឱ្យឃើញឥទ្ធិពលនៃវិធានការជំរុញសារពើពន្ធដែលបានគ្រោងទុក និងការកើនឡើងការវិនិយោគសាធារណៈ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយមូលនិធិ IMF នៅសប្តាហ៍នេះថា កំណើនការប្រើប្រាស់ឯកជនត្រូវបានរំពឹងថានឹងនៅតែរឹងមាំ ដែលត្រូវបានជំរុញដោយវិធានការជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ខណៈពេលដែលការវិនិយោគឯកជនក៏ត្រូវបានព្យាករថានឹងកើនឡើងផងដែរ។

មូលនិធិ IMF បានឱ្យដឹងថា ក្រុមការងារបេសកកម្មទៅកាន់ទីក្រុងបាងកករបស់ខ្លួនស្វាគមន៍ការសម្រេចចិត្តរបស់ធនាគារកណ្តាលថៃក្នុងការកាត់បន្ថយអត្រាការប្រាក់គោល ២៥ពិន្ទុមូលដ្ឋាន (០,២៥ភាគរយ) កាលពីខែតុលា។ មូលនិធិដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោននេះបានបន្ថែមថា ការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតនឹងគាំទ្រដល់ការស្ទុះងើបសេដ្ឋកិច្ចឡើងវិញ។

មូលនិធិ IMF បានឱ្យដឹងថា៖ «ដោយសារនៅមានភាពមិនប្រាកដប្រជាខ្ពស់ និងហានិភ័យឡើងចុះនៃអតិផរណាក្រុមការងារបេសកកម្មផ្តល់ដំបូន្មានដល់អាជ្ញាធរឱ្យត្រៀមខ្លួនកែសម្រួលគោលជំហរគោលនយោបាយរូបិយវត្ថុរបស់ពួកគេដលយផ្អែកលើទិន្នន័យនិងចក្ខុវិស័យ ជាមួយនឹងអត្រាប្តូរប្រាក់ដែលអាចស្រូបយកភាពតក់ស្លុតបាន»

ធនាគារកណ្តាលថៃនឹងពិនិត្យមើលឡើងវិញទៅលើគោលនយោបាយរូបិយវត្ថុនៅដំណាក់កាលបន្ទាប់នៅថ្ងៃទី ១៨ ខែធ្នូ។ ធនាគារកណ្តាលថៃបានពិពណ៌នាការកាត់បន្ថយអត្រាការប្រាក់គួរឱ្យភ្ញាក់ផ្អើលរបស់ខ្លួនកាលពីខែមុនថាជាការកែតម្រូវគោលនយោបាយឡើងវិញ។

សេដ្ឋកិច្ចរបស់ប្រទេសថៃបានកើនឡើង ៣% នៅក្នុងត្រីមាសទី៣ ដែលជាកំណើនលឿនបំផុតក្នុងរយៈពេល ២ ឆ្នាំ ហើយទីភ្នាក់ងារផែនការរដ្ឋបានព្យាករថា សេដ្ឋកិច្ចនឹងមានកំណើន ២,៦% នៅឆ្នាំនេះ ដែលកើនឡើងពីឆ្នាំមុន ១,៩%។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕