(ញូវយ៉ក)៖ ក្រុមហ៊ុនវាយតម្លៃចំណាត់ថ្នាក់ឥណទាន Fitch Ratings របស់អាមេរិកបានឱ្យដឹងថា វិបត្តិអចលនទ្រព្យរយៈពេលជាច្រើនឆ្នាំរបស់ប្រទេសចិននឹងបន្តអូសបន្លាយដល់ឆ្នាំ២០២៥ ខណៈដែលតម្លៃនិងការលក់នៅតែខ្សោយ បើទោះបីជាមានវិធានការរបស់រដ្ឋាភិបាលដើម្បីជំរុញតម្រូវការក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

លោក Wang Ying នាយកគ្រប់គ្រងក្រុមហ៊ុន Fitch នៅទីក្រុងសៀងហៃបានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា តម្លៃផ្ទះថ្មីនៅប្រទេសចិននឹងធ្លាក់ចុះ ៥% ទៀតនៅឆ្នាំក្រោយ ដូចដែលបានវាស់វែងដោយការិយាល័យស្ថិតិផ្លូវការរបស់ប្រទេសចិន ឬប្រហែលស្ថិតតម្លៃដូចគ្នានឹងតម្លៃនៅឆ្នាំនេះ។ លោក Wang រំពឹងថា ការលក់ផ្ទះថ្មីនឹងធ្លាក់ចុះ ១០% ទៀតបើគិតពីផ្ទៃក្រឡា។

លោក Wang បានមានប្រសាសន៍ថា៖ «ចំណុចរបត់សម្រាប់វិស័យអចលនទ្រព្យមិនទាន់មកដល់នៅឡើយទេ»។ លោកបន្ថែមថា៖ «ថាតើវិធានការនាពេលថ្មីៗនេះអាចបន្តប្រឈមនឹងភាពមិនប្រាកដប្រជាដ៏ធំឬយ៉ាងណា»

ប្រទេសចិនក្នុងរយៈពេលពីរខែចុងក្រោយនេះ បានបញ្ចេញកញ្ចប់គោលនយោបាយដ៏រឹងមាំបំផុតរបស់ខ្លួន ដើម្បីជំរុញទីផ្សារអចលនទ្រព្យ រួមទាំងការកាត់បន្ថយការចំណាយលើប្រាក់កម្ចីលើកម្ចីទិញផ្ទះដែលមានស្រាប់ បន្ធូរបន្ថយការទប់ស្កាត់ការទិញផ្ទះនៅក្នុងទីក្រុងធំៗ និងកាត់បន្ថយពន្ធលើការទិញផ្ទះ។

យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានឱ្យដឹងថា មជ្ឈមណ្ឌលពាណិជ្ជកម្មនៃទីក្រុងក្វាងចូវបានក្លាយជាទីក្រុងលំដាប់ទី១ ដំបូងគេដែលលុបចោលការរឹតបន្តឹងទាំងអស់លើការទិញអចលនទ្រព្យលំនៅឋាន។ ទីក្រុងប៉េកាំង សៀងហៃ និងហ្សិនចិន បានអនុញ្ញាតឱ្យប្រជាជនកាន់តែច្រើនទិញលំនៅឋាននៅតំបន់ជាយក្រុង ខណៈដែលអនុញ្ញាតឱ្យអ្នកផ្សេងទៀតទិញផ្ទះកាន់តែច្រើន។

វិធានការទាំងនេះបានជួយបន្ធូរបន្ថយការធ្លាក់ចុះតម្លៃផ្ទះនៅប្រទេសចិនរយៈពេលពីរខែជាប់គ្នាគិតត្រឹមខែតុលា។ ប៉ុន្តែការស្ទុះងើបឡើងវិញនៃការលក់កើតមានតែនៅតាមទីក្រុងធំៗប៉ុណ្ណោះ ហើយមិនបានរីករាលដាលទៅកាន់ទីក្រុងតូចៗនោះទេ។

លោក Wang បានបន្ថែមថា អ្វីដែលកាន់តែអាក្រក់នោះ តម្លៃផ្ទះចាស់នៅក្នុងទីផ្សារបានបន្តធ្លាក់ចុះ ហើយការចុះបញ្ជីលក់ផ្ទះបានបន្តកើនឡើង ដែលបង្ហាញថា ទីផ្សារផ្ទះចាស់នៅក្នុងទីក្រុងធំៗ មិនទាន់ធ្លាក់ចុះដល់កម្រិតទាបនៅឡើយ។

ការណ៍នេះនឹងដាក់សម្ពាធបន្ថែមទៀតលើធនាគារនៅប្រទេសចិន ដែលបាននិងកំពុងត្រាំត្រែងនឹងអនុបាតប្រាក់ចំណេញទាប ការធ្លាក់ចុះប្រាក់ចំណេញ និងការកើនឡើងបំណុលអាក្រក់ពីអ្នកខ្ចីសាជីវកម្ម។ លោក Vivian Xue នាយកផ្នែកស្ថាប័នហិរញ្ញវត្ថុនៃក្រុមហ៊ុន Fitch បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា ប្រាក់ចំណេញសុទ្ធពីការប្រាក់របស់ធនាគារក្នុងបរទេសចិនបានធ្លាក់ចុះមកត្រឹម ១,៥% នៅក្នុងត្រីមាសទីបី ដែលជាកម្រិតទាបបំផុតនៅអាស៊ីប៉ាស៊ីហ្វិក ហើយអាចនឹងធ្លាក់ចុះម្តងទៀតនៅឆ្នាំក្រោយ។

លោក Xue បាននិយាយថា អនុបាតប្រាក់កម្ចីមិនល្អពីកម្ចីទិញផ្ទះបានកើនឡើងពី ០,១% ទៅ ០,២% ក្នុងត្រីមាសថ្មីៗនេះ ដោយសារការរំពឹងថា ប្រាក់ចំណូលទាបនិងការប្រគល់ផ្ទះដែលសាងសង់រួចយឺតធ្វើឱ្យប៉ះពាល់ដល់ឆន្ទៈរបស់អ្នកទិញក្នុងការបង់សងប្រាក់កម្ចីវិញ៕