(ភ្នំពេញ)៖ គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ការរៀបចំឥណទានឡើងវិញ មានទំហំទឹកប្រាក់ប្រមាណជាង ៨៥០លានដុល្លារ ស្មើប្រមាណ ១.៥%នៃទំហំឥណទាននៅក្នុងប្រព័ន្ធធនាគារ ដែលបានជួយសម្រួលបន្ទុកចំណាយដល់អ្នកជាប់កម្ចី។
លោកស្រី ម៉ក់ រស្ម៊ី អគ្គនាយករងបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ និងជាប្រធាននាយកដ្ឋានបទប្បញ្ញត្តិ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកជាប់កម្ចីប្រមាណជាង ៥ម៉ឺន៣ពាន់នាក់ ដែលស្មើនឹងជាង ៥ម៉ឺន៧ពាន់គណនី ត្រូវបានរៀបចំឥណទានឡើងវិញ។
លោកស្រីបានពន្យល់ថា តាមរយៈទិន្នន័យខាងលើនេះបង្ហាញថា ការរៀបចំឥណទានឡើងវិញក្នុងដំណាក់កាលនេះ នៅមានកម្រិតទាបនៅឡើយ បើធៀបនឹងវិធានដែលបានធនាគារជាតិ បានដាក់កាលពីអំឡុងរីករាលដាលជំងឺកូវីដ១៩ ដែលមានជាង១០%។
ការរៀបចំឥណទានឡើងវិញជូនអតិថិជន នៅមានកម្រិតទាបនៅឡើយនេះ ដោយសារការអនុវត្តនៅមានរយៈពេលខ្លី ដែលទើបតែបាន៣ខែ ខណៈអ្នកជាប់កម្ចីមួយចំនួនទៀត ដែលគ្មានលទ្ធភាពបង់ មិនចង់ទៅស្នើសុំរៀបចំឥណទានឡើងវិញ ដោយសារខ្លាចជាប់ឈ្មោះនៅក្នុង CBC។
ទន្ទឹមគ្នានេះ លោកស្រីវាយតម្លៃថា ស្ថានភាពនៃវិស័យធនាគារនៅកម្ពុជា នៅតែមានភាពរឹងមាំ បើទោះបីជាមានកំណើននៃការស្នើសុំរៀបចំឥណទានឡើងវិញ ការថយចុះនៃការផ្តល់ឥណទាន និងការកើនឡើងនៃឥណទានមិនដំណើរការក៏ដោយ ព្រោះតែធនាគារនៅតែរស់នៅបាន តាមរយៈការទទួលបានប្រាក់ចំណេញ។
ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ស្ថានភាពបំណុលនៅកម្ពុជា» ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារកម្ពុជា បានគូសបញ្ជាក់ថា សម្រាប់គ្រឹះស្ថានធនាគារ គិតត្រឹមខែតុលា ទំហំនៃការរៀបចំឥណទានឡើងវិញ មានទំហំជាង៥០០លានដុល្លារ។
លោកកត់សម្គាល់ថា ការរៀបចំឡើងឥណទានឡើងវិញ បានជួយសម្រួលឱ្យស្ថានភាពរបស់អតិថិជនវិលត្រឡប់មកធម្មតាវិញ ក្នុងនោះអ្នកដែលទទួលបានការរៀបចំឥណទានឡើងវិញ ពីខាងធនាគារមានប្រមាណជាង ៧០% ទៅ ៨០% អាចសងមកធនាគារបានទៀងទាត់ឡើងវិញ។
សូមជម្រាបផងដែរ ធនាគារជាតិនៃកម្ពុជា កាលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានចេញសារាចរណែនាំ ឱ្យបណ្តាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុការរៀបចំឥណទានឡើងវិញ ដល់អតិថិជន ក្នុងគោលបំណងជួយសម្រាលបន្ទុកចំណាយ ប្រចាំគ្រារបស់អតិថិជន ក្នុងការបំពេញកាតព្វកិច្ចសងត្រឡប់ឥណទាន និងជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើនលំហូរសាច់ប្រាក់។ ចំណែកការអនុវត្តកិច្ចការងារនេះ នឹងចាប់ពីត្រីមាសទី៤ ឆ្នាំ២០២៤តទៅ រហូតដល់ដំណាច់ឆ្នាំ២០២៥៕