(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសន្និបាតបូកសរុបការងារលើកទី១៤ របស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីសម្ពោធបើកការតាំងពិព័រណ៍ ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ២០២៤។

កម្មវិធីនេះ បានរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដោយមានការចូលរួមពី លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូ​បទៀត។

ឧបនាយករដ្ឋមន្ដ្រី សាយ​ សំអាល់ បានថ្លែងថា ផ្តើមចេញពីពិព័រណ៍នេះ ត្រូវរួមគ្នាកសាង នូវឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មគ្រឿងតុបតែង និងឧស្សាហកម្មធនាគារ ដើម្បីឧត្តមប្រយោជន៍ប្រជាជន និងប្រទេសជាតិកម្ពុជា។

ឧបនាយករដ្ឋមន្រ្តី បានបន្តទៀតថា ការជួបជុំគ្នា នាពេលនេះ គឺជាឱកាសដ៏ល្អប្រសើរ ដើម្បីជជែកពិភាក្សា រកវិធីសាស្ត្រធ្វើយ៉ាងណា ឱ្យការងារដែលអ្នកទាំងអស់គ្នា កំពុងធ្វើទទួលបាន ប្រសិទ្ធភាពខ្ពស់ ធ្វើឱ្យឧស្សាហកម្មសំណង់ និងអចលនទ្រព្យ កាន់ល្អប្រសើរឡើងបន្ថែមទៀត ជាពិសេសការសាងសង់លំនៅដ្ឋាន ជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ។

ដោយឡែក វិស័យធនាគារ សូមផ្តល់អត្រាការប្រាក់ក្នុងតម្លៃទាប ដើម្បីឲ្យប្រជាពលរដ្ឋមានលទ្ធភាព ទិញលំនៅដ្ឋានដើម្បីរស់នៅសមរម្យ ខណៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់ គោលការណ៍ លើកទឹកចិត្តពន្ធដារ ក្នុងវិស័យអចលនទ្រព្យ ដើម្បីកាត់បន្ថយបន្ទុក ក្នុងការចំណាយបង់ពន្ធ ដល់អ្នកអភិវឌ្ឍអចលនទ្រព្យ និងប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យ។

លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំទី១៤ហើយ ដែលសមាគមអ្នកសាងសង់កម្ពុជា បានរៀបចំសន្និបាតបូកសរុប ការងារប្រចាំឆ្នាំរបស់សមាគម ហើយក៏ជាលើកទី១២ នៃការរៀបចំកម្មវិធីតាំងពិព័រណ៍ឧស្សាហកម្ម សំណង់កម្ពុជា-អន្តរជាតិ ដែលមានលក្ខណៈលំដាប់អន្តរជាតិ និងធំជាងគេនៅប្រទេសកម្ពុជា។

គោលបំណងចម្បងនៃការរៀបចំកម្មវិធីតាំងពិព័រណ៍នេះ គឺដើម្បីផ្តល់ឱកាសឱ្យក្រុមហ៊ុនទាំងប្រទេស និងក្រៅប្រទេសដែលជាម្ចាស់រោងចក្រ ឬជាអ្នកនាំចូលសម្ភារៈ បរិក្ខារ និងគ្រឿងចក្រ សំណង់នីមួយៗ អាចចូលរួមដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនជារៀងរាល់ឆ្នាំ។

លើសពីនោះទៀត ព្រមទាំងអាចធ្វើការ ផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារខាងវិស័យសំណង់នៅកម្ពុជា ជាពិសេសបង្កើតជាវេទិកាឲ្យអ្នកទិញ អ្នកលក់ ម្ចាស់រោងចក្រ បានជួប និងស្វែងយល់គ្នាដោយផ្ទាល់ ថែមទាំងអាចជំរុញឲ្យមានការ សហការគ្នាជាដៃគូររវាងគូភាគី ដើម្បីទទួលបាននូវតម្លៃ និងលក្ខខណ្ឌទូទាត់ពិសេសៗ ពីដៃគូរ អាជីវកម្ម។

សូមជម្រាបថា ការតាំងពិព័រណ៍ឧស្សាហកម្ម សំណង់កម្ពុជា អន្តរជាតិនាឆ្នាំនេះ គឺមានក្រុមហ៊ុនចូលរួមចំនួន១១២ក្រុមហ៊ុន ស្មើនឹង ២៣៧ ស្តង់ និងមានសម្ភារៈ បរិក្ខារ ឧបករណ៍ គ្រឿង ចក្រសំណង់ផលិតនៅក្នុងស្រុក និងនាំចូលមកពី បណ្តាប្រទេសជាច្រើនសរុបប្រមាណជាង ៥០០ប្រភេទ រួមទាំងសេវាកម្មផ្សេងៗជាង៥០ប្រភេទ ដែលពាក់ព័ន្ធនឹងវិស័យសំណង់៕