(ប៉ារីស)៖ អង្គការកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានឱ្យដឹងកាលពីថ្ងៃពុធថា សេដ្ឋកិច្ចពិភពលោកនឹងមានកំណើនប្រកបដោយស្ថិរភាពក្នុងរយៈពេលពីរឆ្នាំខាងមុខ ប្រសិនបើរបបគាំពារនិយមមិនបង្អាក់ការស្ទុះងើបឡើងវិញនៃពាណិជ្ជកម្មពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍ស្ដីពីចក្ខុវិស័យសេដ្ឋកិច្ចរបស់អង្គការ OECD ថា សេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ៣,២ភាគរយនៅឆ្នាំនេះ និង ៣,៣ភាគរយនៅឆ្នាំ២០២៥ និង ២០២៥ ដោយសារអតិផរណាទាប កំណើនការងារ និងការកាត់បន្ថយអត្រាការប្រាក់ជួយប៉ះប៉ូវដល់ការរឹតបន្តឹងសារពើពន្ធនៅក្នុងប្រទេសមួយចំនួន។

ការព្យាករចុងក្រោយបំផុតរបស់អង្គការដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសនេះភាគច្រើនមានភាពស្របគ្នានឹងការព្យាកររបស់ខ្លួនកាលពីខែកញ្ញា នៅពេលដែលអង្គការនេះបានរំពឹងទុកថានឹងមានកំណើនសេដ្ឋកិច្ច ៣,២ភាគរយនៅក្នុងឆ្នាំនេះ និងឆ្នាំក្រោយ តែមិនមានការព្យាករសម្រាប់ឆ្នាំ២០២៦នៅឡើយទេ។

អង្គការ OECD បានឱ្យដឹងថា បន្ទាប់ពីពាណិជ្ជកម្មពិភពលោកបានរងការប៉ះទង្គិចកាលពីឆ្នាំមុន ពាណិជ្ជកម្មពិភពលោកកំពុងស្ទុះងើបឡើងវិញ ហើយកំណើនផ្នែកបរិមាណត្រូវបានរំពឹងថានឹងកើនឡើងដល់ ៣,៦ភាគរយនៅឆ្នាំក្រោយ បើទោះបីជាមានការកើនឡើងវិធានការណ៍រឹតបន្តឹងលំហូរការនាំចូលក៏ដោយ។

អង្គការ OECD បានឱ្យដឹងថា៖ «ការកើនឡើងភាពតានតឹងពាណិជ្ជកម្ម និងការបន្តឆ្ពោះទៅរកកិច្ចគាំពារនិយមអាចរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ បង្កើនតម្លៃទំនិញប្រើប្រាស់ និងជះឥទ្ធិពលអវិជ្ជមានដល់កំណើនសេដ្ឋកិច្ច»

អង្គការ OECD ក៏បានព្យាករផងដែរថា សេដ្ឋកិច្ចអាមេរិករំពឹងថានឹងថយចុះពី ២,៨ភាគរយនៅឆ្នាំនេះមកនៅត្រឹម ២,៤ភាគរយនៅឆ្នាំ២០២៥ និង ២,១ភាគរយនៅឆ្នាំ២០២៦ ដោយសារការធ្លាក់ចុះទីផ្សារការងារដែលធ្វើឱ្យការចំណាយរបស់អ្នកប្រើប្រាស់ថមថយ ខណៈដែលសេដ្ឋកិច្ចចិនរំពឹងថានឹងធ្លាក់ចុះពី ៤,៩ភាគរយនៅឆ្នាំ២០២៤ មកត្រឹម ៤,៧ភាគរយនៅឆ្នាំ២០២៥ និង ៤,៤ភាគរយនៅឆ្នាំ២០២៦។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕