(ភ្នំពេញ)៖ ឧកញ៉ា ឡាយ ឈុនហួ ប្រធានក្រុមប្រឹក្សាភិបាល City Rice ដែលជាក្រុមហ៊ុននាំចេញអង្ករច្រើនជាងគេរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានចូលរួមចែករំលែកអំពី បទពិសោធន៍ក្នុងការដោះស្រាយបញ្ហា ទាក់ទងនឹងបញ្ហានៃការនាំចេញអង្ករ។

ការលើកឡើងរបស់កញ៉ា ឡាយ ឈុនហួ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «អាថ៌កំបាំងនៅពីក្រោយភាពរីកចម្រើន នៃការដឹកនាំក្រុមហ៊ុននាំចេញអង្ករ City Rice»

ឧកញ៉ា ឡាយ ឈុនហួ បានថ្លែងឲ្យដឹងថា ចំពោះការនាំចេញយើងជួបបញ្ហាច្រើន ប៉ុន្ដែគ្រប់បញ្ហាតែងតែមានដំណោះស្រាយ ចំពោះបញ្ហាធំៗដែលយើងជួបប្រទះ គឺបញ្ហាចរន្ដសាច់ប្រាក់ ពេលខ្លះយើងខ្វះទុននាពេលរដូវច្រូតកាត់ ដែលខ្វះខាតលុយ ក្នុងការប្រមូលទិញស្រូវ។ បច្ចុប្បន្នដោយសារតែមានការជួយសម្របសម្រួលច្រើន ពីរាជរដ្ឋាភិបាលទាកទងនឹងកម្ចីជាមួយធនាគារ ហើយនេះជាផ្នែកមួយ ក្នុងការជួយសម្រួលយ៉ាងច្រើន។

លោកឧកញ៉ាបានបន្ដទៀតថា បញ្ហាមួយទៀតគឺទុនខ្ពស់ ថ្មីនេះយើងបានដោះស្រាយបញ្ហាមួយ ជាមួយនឹងអគ្គិសនីកម្ពុជា ដោយបានបញ្ចុះតម្លៃក្នុងអំឡុងពេលរដូវច្រូតកាត់ និងសម្ងួត។ បញ្ហាដែលកំពុងជួបប្រទះ គឺកម្ពុជានៅតែជាក្រុមហ៊ុនថ្មី ដូច្នេះយើងស្គាល់ម៉ូយមិនច្បាស់នោះទេ ដូច្នេះយើងបានធ្វើការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីស្វះស្វែងរកទីផ្សារផ្សេងៗ ដើម្បីទៅជួបអ្នកទិញធំៗ និងក្រសួងផ្សេងៗ។

លោកឧកញ៉ាបានបញ្ជាក់ថា ជាការពិតក្នុងរបរអ្វីក៏ដោយតែងតែជួបបញ្ហាប្រឈម គ្រាន់តែថា យើងអាចបំលែងពីបញ្ហាធំមកជាបញ្ហាតូច រៀនពីបទពិសោធន៍ និងស្វះស្វែងរកដំណោះស្រាយ ដើម្បីដោះបញ្ហាទាំងនោះ និងពង្រីកខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ៕