(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការ ជំរុញការប្រើប្រាស់ផលិតផលស្វាយចន្ទីកម្ពុជា»

ពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ របស់ក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំសមាគមសណ្ឋាគារកម្ពុជា សមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា សមាគមស្វាយចន្ទីកម្ពុជា ផ្សារទំនើប ម៉ាត និងសហគ្រាសស្វាយចន្ទីជាច្រើនរូប នាទីស្តីការក្រសួងពាណិជ្ជកម្ម។

ការចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ ក្នុងគោលបំណងជំរុញ ការប្រើប្រាស់ផលិតផលស្វាយចន្ទី ក្នុងវិស័យសណ្ឋាគារ ដើម្បីលើកកម្ពស់ការកែច្នៃ ការប្រើប្រាស់ និងការចែកចាយផលិតផលស្វាយចន្ទីនៅកម្ពុជា។

ក្នុងពិធីនេះ មានអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ ត្រូវបានចុះហត្ថលេខា គឺ១៖ រវាងសមាគមសណ្ឋាគារកម្ពុជា និងសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា និងទី២៖ រវាងសមាគមសណ្ឋាគារកម្ពុជា និងសមាគមស្វាយចន្ទីកម្ពុជា។ ជាលទ្ធផល យោងតាមស្មារតី នៃការចុះអនុស្សរណៈនេះ៖ សមាគមសណ្ឋាគារ នឹងធ្វើការបញ្ជាទិញស្វាយចន្ទី ក្នុងរយៈពេល៣ឆ្នាំ ដោយក្នុង១ឆ្នាំៗ មានតម្រូវការ២៥០តោន ក្នុងនោះ២១០តោន សម្រាប់កែច្នៃធ្វើម្ហូបអាហារ នំ និងភេសជ្ជៈ និង ៤០តោន ស្មើ៤០០,០០០កញ្ចប់ ដែលជាផលិតផលស្វាយចន្ទីវេចខ្ចប់ សម្រាប់ដាក់លក់ក្នុងមីនីបារ និងក្នុងបន្ទប់សណ្ឋាគារ៕