(ព្រះសីហនុ)៖ គម្រោងវិនិយោគជាង២០០គម្រោង នៅខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ ក្នុងក្របខ័ណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤។ នេះបើតាមព្រឹត្ដបត្រព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។
អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់អាទិភាពក្នុងការពន្លឿនការអភិវឌ្ឍខេត្តនេះ ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជា។
ដើម្បីសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ដោយផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធីនានា រួមទាំងការលើកទឹកចិត្តផ្នែកពន្ធដារផងដែរ។
តាមរយៈវិធានការដែលដាក់ឱ្យអនុវត្ត នៅក្នុងកម្មវិធីពិសេសជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុនេះ គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ៤ប្រភេទ រួមមាន៖
ទី១៖ គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង
ទី២៖ គម្រោងវិនិយោគដែលអាចចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ ២០២៤
ទី៣៖ ការពង្រីកគម្រោងដែលមានស្រាប់
និងទី៤៖ គម្រោងវិនិយោគ ធុរកិច្ចដែលមានស្រាប់ នឹងទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ ដែលក្នុងនោះរួមមាន ការលើកលែងនូវប្រភេទពន្ធអាករសំខាន់ៗ មួយចំនួន ការលើកលែងកម្រៃសេវាចុះបញ្ជី ការសម្រួលនីតិវិធីបង់ពន្ធជាកញ្ចប់តាមដំណាក់កាល ការលើកលែងទណ្ឌកម្មរដ្ឋបាលចំពោះ ការធ្វើសវនកម្មពន្ធដារ ព្រមទាំងការផ្តល់ការលើកទឹកចិត្ត ដោយពន្ធអាករជាបន្ទុករបស់រដ្ឋ លើការផលិតនិង/ឬការផ្សព្វផ្សាយអំពីផលិតផល ទេសចរណ៍គោលដៅទេសចរណ៍ ក្នុងខេត្តព្រះសីហនុ។
គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំលើកទី១២ របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ក្នុងក្របខ័ណ្ឌកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ៤៨ គម្រោង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹង អគារជាប់គាំង ចំនួន ១៦ គម្រោងថ្មី ចំនួន ២៨ និងការពង្រីកគម្រោង ចំនួន ៤ ដែលមានទុនវិនិយោគសរុប ៤៨៧ លានដុល្លារ។
តាមរយៈលទ្ធផលនៃកិច្ចប្រជុំនេះផងដែរ បើគិតត្រឹមខែធ្នូ ឆ្នាំ២០២៤នេះ គម្រោងវិនិយោគនៅខេត្តព្រះសីហនុចំនួន ២១៣ គម្រោង ទទួលបានការលើកទឹកចិត្តពិសេស ដែលក្នុងនោះរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងមានចំនួន ១០១ គម្រោងថ្មីមានចំនួន ៨៩ ការពង្រីកគម្រោងមានចំនួន ១៩ និងគម្រោងមានស្រាប់មានចំនួន ៤៕