(ភ្នំពេញ)៖ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ៥៧៣លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។
អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឲ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ (រយៈពេល១១ខែ) មានចំនួន៥៦៨ ២៧៦ ០៥០ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន ៤ ៨៧៣ ៨៦៧ដុល្លារ។
គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ (រយៈពេល១១ខែ) ជ័រកៅស៊ូមានតម្លៃ ១,៦៦២ដុល្លារ ក្នុង១តោន កើនឡើងចំនួន៣១៩ដុល្លារ ក្នុង១តោន ស្មើនឹង២៣.៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ មានតម្លៃ ២៣១ដុល្លារ ក្នុងមួយម៉ែត្រគីប។
សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៨.៦៤% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១.៣៦%។
ជ័រកៅស៊ូកម្ពុជាក្រៅពីនាំចេញ ក៏ត្រូវបានផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់រថយន្ដចំនួន៣ ដែលកំពុងតែដំណើរការផងដែរ រួមមាន នៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តក្រចេះ។
ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជារកចំណូលបាន ពីការលក់ផលិតផលកៅស៊ូ មានប្រមាណចំនួន ៥៣៧.៩លានដុល្លារអាមេរិក កើនឡើងប្រមាណចំនួន៦.២លានដុល្លាអាមេរិក ស្មើនឹង១.២% ធៀបឆ្នាំ២០២២៕