(ភ្នំពេញ)៖ លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានជំរុញឲ្យប្រជាពលរដ្ឋ បណ្តារោងចក្រ សហគ្រាស ក្រសួង-ស្ថាប័ន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តចូលរួមប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ។

លោកថា ការបន្ដទូទាត់ជាប្រាក់រៀល ការបិទស្លាកថ្លៃទំនិញជារៀល និងការសន្សំជាប្រាក់រៀល ជួយរក្សាបានលំនឹងនៃប្រាក់រៀល ឱ្យមានស្ថិរភាពក្នុងសេដ្ឋកិច្ច។

ការលើកឡើងរប​ស់លោក យឹម លាត ធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី «ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ» រៀបចំឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប។

លោក យឹម លាត បានថ្លែងឲ្យដឹងថា សម្រាប់ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅកម្ពុជា បានចាក់ឫសយ៉ាងជ្រៅ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ចាប់តាំងពីការមកដល់របស់អ៊ុនតាក់ ក្នុងអំឡុងទស្សវត្សរ៍ទី៩០ ក្នុងនោះអ៊ុនតាក់ បាននាំមកនូវថវិកាចំនួន ១.៧ពាន់លានដុល្លារមកកម្ពុជា ហើយនៅពេលនោះដែរ ជំនឿចិត្តលើប្រាក់រៀល របស់ប្រជាជនកម្ពុជា ក៏មានភាពទន់ខ្សោយ។ ប៉ុន្តែ ២ទសវត្សរ៍ចុងក្រោយនេះ តម្លៃប្រាក់រៀលរក្សាបានលំនឹងល្អ ដោយមានតម្លៃក្នុងចន្លោះ ៤០៥០ រៀលក្នុង១ដុល្លារ ដែលត្រឹមតែអាចទប់ស្កាត់ការប្រើប្រាស់ប្រាក់ដុល្លារ មិនឱ្យកើនឡើងតទៅទៀតប៉ុណ្ណោះ ព្រោះការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក នៅមិនទាន់ថមថយនៅឡើយ។

លោកបន្ដថា មេរៀនប្រវត្តិសាស្រ្តបង្ហាញថា ការបាត់បង់ទំនុកចិត្តលើប្រាក់រៀលកើតឡើង ត្រឹមរយៈពេលដ៏ខ្លី តែការស្តារទំនុកចិត្តឡើងវិញជាការលំបាក ហើយទាមទារនូវពេលវេលា និងការចូលរួមយ៉ាងសកម្មរបស់ក្រសួង-ស្ថាប័ន វិស័យឯកជន និងជាពិសេសប្រជាពលរដ្ឋទាំងអស់គ្នា។

លោកបានបន្ថែមថា តាមលទ្ធផលនៃការសិក្សាស្រាវជ្រាវ របស់ធនាគារជាតិនៃកម្ពុជា ក្រោមកិច្ចសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលពីឆ្នាំ២០១៧ បានបង្ហាញថា ប្រាក់រៀលបានទទួលការទុកចិត្ត និងការប្រើប្រាស់កាន់តែច្រើន ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់ជនបទ ដែលប្រាក់រៀលដើរតួនាទីចម្បង និងទូលំទូលាយទាំងក្នុងសកម្មភាពរកប្រាក់ចំណូល ចំណាយ និងសន្សំ។ ដោយឡែកសម្រាប់ខេត្តសៀមរាបវិញ តាមទិន្នន័យស្រាវជ្រាវបង្ហាញថា ជាមធ្យមប្រមាណ ៨១% នៃការចំណាយប្រចាំថ្ងៃរបស់ប្រជាជន ត្រូវបានធ្វើឡើងជាប្រាក់រៀល។

លោក យឹម លាត បានអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តចូលរួមប្រើប្រាស់ប្រាក់រៀល ឱ្យបានកាន់តែទូលំទូលាយ ទាំងការទូទាត់ជា ប្រាក់រៀល ការបិទស្លាកថ្លៃទំនិញជារៀល និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្តល់ការអនុគ្រោះឱ្យបានកាន់តែច្រើន ចំពោះការប្រើ ប្រាស់ប្រាក់រៀលរបស់ជាតិយើងទាំងអស់គ្នា។

លោកបានបន្ថែមថា ចំពោះខេត្តសៀមរាបវិញ តាមទិន្នន័យស្រាវជ្រាវបង្ហាញថា ជាមធ្យមប្រមាណ ៨១% នៃការចំណាយប្រចាំថ្ងៃរបស់ប្រជាជន ត្រូវបានធ្វើឡើងជាប្រាក់រៀល។

លោក យឹម លាត បានបញ្ជាក់បន្ដថា ប្រព័ន្ធទូទាត់បាគង ជាប្រព័ន្ធទូទាត់ដែលអាចឱ្យអ្នកប្រើប្រាស់ ធ្វើប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិកដូចជា៖ ការទូទាត់ ផ្ទេរប្រាក់ ដាក់ប្រាក់ និងដកប្រាក់ទាំងក្នុងស្រុក និងជាមួយបណ្តាប្រទេស ក្នុងតំបន់បានយ៉ាងឆាប់រហ័ស និងមានភាពងាយស្រួល កាត់បន្ថយចំណាយថ្លៃប្រតិបត្តិការ និងមានសុវត្ថិភាពខ្ពស់។

បច្ចុប្បន្នយើងអាច ធ្វើការទូទាត់ប្រាក់ឆ្លងដែនជាមួយ ប្រទេសថៃ វៀតណាម និងឡាវ តាមរយៈការ Scan QR Code ជាប្រាក់រៀលតែម្តង ដោយមិនចាំ បាច់ដូរទៅជាដុល្លារអាមេរិកសិននោះទេ។ ក្រៅពីនេះធនាគារជាតិនៃកម្ពុជា ក៏បានសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិ មួយចំនួនដូចជា៖ VISA Card និង Master Card ជាដើម។

ចំណែកបាគងសម្រាប់ទេសចរ, ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យភ្ញៀវទេសចរអន្តរជាតិប្រើប្រាស់ ប្រព័ន្ធទូទាត់ទំនើបថ្មីមួយ ដែលហៅថា បាគងសម្រាប់ទេសចរ (Bakong Tourists App) ដែលសម្រួលដល់ការទូទាត់ថ្លៃទំនិញ សេវា ការចាយវាយនានា ដោយ មិនចាំបាច់តែប្រើក្រដាសប្រាក់នោះទេ។

ការប្រើប្រាស់ការទូទាត់អេឡិចត្រូនិកនេះ នឹងជំរុញឱ្យភ្ញៀវទេសចរ បង្កើនការចាយវាយនៅកម្ពុជា ហើយនាពេលខាងមុខ ភ្ញៀវទេសចរក៏អាចប្រើបាគងសម្រាប់ទេសចរនេះ នៅតាមបណ្តាប្រទេស ក្នុងតំបន់ដែលកម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់នេះ ដូចជាប្រទេស ថៃ វៀតណាម ឡាវ និងមានប្រទេសជាច្រើនទៀត៕