(ភ្នំពេញ)៖ លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងឲ្យដឹងថា ទីផ្សារអចលនវត្ថុ បែងចែកចេញជា៤ផ្នែកធំៗក្នុងនោះរួមមាន ផ្នែកលំនៅដ្ឋាន, ផ្នែកសហគ្រាស, ផ្នែកពាណិជ្ជកម្ម និងផ្នែកកសិកម្ម។ ក្នុងនោះផ្នែកដែលកំពុងជួបការលំបាកជាងគេ គឺផ្នែកលំនៅដ្ឋាន លំនៅដ្ឋានមិនមានកំណើនទិញលក់ច្រើនឡើយ ការលក់ដូរ គឺតឹងជាខ្លាំង។

ការលើកឡើងរបស់លោក សន សៀប រៀបចំឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ស្ថានភាពវិស័យ​អចលនទ្រព្យរបស់កម្ពុជា ​ឆ្នាំ​២០២៥»

លោកបានថ្លែងថា ទីផ្សារអចលនទ្រព្យបែកចែកជា ៤ធំរួមមាន ផ្នែកលំនៅដ្ឋាន បុរី ខុនដូ ចំណែកផ្នែកឧស្សាហកម្មមាន រោងចក្រ សហគ្រាស ផ្នែកពាណិជ្ជកម្មមានដូចជា អគារផ្នែកការិយាល័យ ផ្សារទំនើប និងផ្នែកកសិកម្ម មានកសិដ្ឋានធំៗ ដែលបម្រើដល់ការដាំដុះផ្សេងៗ។

លោកបានថ្លែងបន្ដថា ចំពោះផ្នែកសិកម្មនេះ មិនមានបញ្ហានោះទេ​ មានតែតម្រូវការបន្ថែមប៉ុណ្ណោះ និងមានតម្រូវការច្រើន នាពេលអនាគត ចំណែកផ្នែកឧស្សាហកម្ម នៅមានដំណើរការល្អ ថ្មីៗនេះការនាំចេញនៅមានកំណើនល្អ និយាយចំពោះវិស័យខុនដូវិញ មិនមានបញ្ហាខ្លាំងនោះទេ ប៉ុន្ដែផ្នែកដែលកំពុងជួបបញ្ហា គឺលំនៅដ្ឋានបែបបុរី ដែលលក់មិនដាច់ទល់តែសោះ។

លោកបានបញ្ជាក់ថា ម្ចាស់សំណង់បុរី គឺកំពុងត្រូវការចំណូលជាខ្លាំង ហើយក្រៅពីលំនៅដ្ឋានបុរីនេះ ផ្នែកពាណិជ្ជកម្មក៏កំពុងមានបញ្ហាដូចជា ផ្សារទំនើបក៏កំពុងជួបញ្ហាផងដែរ ជាក់ស្ដែងសម្រាប់ការចូលផ្សារទំនើបភាគច្រើន គឺចូលលេងកម្សាន្តប៉ុណ្ណោះ មិនសូវមានការចូលទិញទំនិញនោះទេ ដូច្នេះការលក់មិនដាច់ ចំណូលមិនមាន ប៉ុន្ដែចំណាយច្រើន ទាំងនេះហើយដែលជាបញ្ហា។

លោកបានបញ្ជាក់ថា ​ផ្នែកដែលកំពុងជួបញ្ហាមួយទៀតនោះគឺ ផ្នែកការរិយាល័យ ព្រោះថា បច្ចុប្បន្ននេះមិនសូវមានតម្រូវការនោះទេ មែនទែនទៅបន្ទាប់ពីកូវីដ១៩ មកមនុស្សចាប់ផ្ដើមធ្វើការពីផ្ទះ ការលក់ដូរតាមអនឡាញ ដូច្នេះអ្នកដែលត្រូវការការិយាល័យ សម្រាប់ធ្វើការ មិនមានកំណើនកើនឡើងនោះទេ ហើយថែមទាំងថមថយទៀត៕

សូមស្តាប់ការលើកឡើងរបស់លោក សន សៀប ដូចខាងក្រោម៖