(ញូវយ៉ក)៖ តម្លៃប្រេងឆៅមិនប្រែប្រួលក្នុងការជួញដូរនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះដែលទទួលរងសម្ពាធពីការផ្គត់ផ្គង់ច្រើននៅក្នុងទីផ្សារ ប៉ុន្តែទទួលបានការគាំទ្រពីការរំពឹងទុកថានឹងមានការទម្លាក់អត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងឆៅប្រភេទ Brent ក្នុងកិច្ចសន្យាអនាគតបានធ្លាក់ចុះ ១១ សេនឬ ០,១៥ភាគរយមកនៅត្រឹម ៧៣,៤១ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ២៧សេនឬ ០,៣៨ភាគរយមកនៅត្រឹម ៧០,០២ដុល្លារ។
ទីភ្នាក់ងារថាមពលអន្ដរជាតិ (IEA) បានកែប្រែចក្ខុវិស័យទីផ្សារប្រេងរបស់ខ្លួន ដោយបានដំឡើងការព្យាករពីតម្រូវការប្រេងសម្រាប់ឆ្នាំក្រោយ ប៉ុន្តែនៅតែព្យាករថា ប្រេងឆៅនៅតែសម្បូរសម្រាប់ការផ្គត់ផ្គង់ក្នុងទីផ្សារ។ កាលពីថ្ងៃពុធ អង្គការក្រុមប្រទេសផលិតប្រេង OPEC បានកាត់បន្ថយការព្យាករអំពីកំណើនតម្រូវការប្រេងរបស់ខ្លួនសម្រាប់ឆ្នាំ២០២៤ ដែលជាការទម្លាក់ការព្យាករ ៦ខែជាប់គ្នា។
លោក Phil Phil Flilnn អ្នកវិភាគទីផ្សារនៅក្រុមហ៊ុន Price Futures Group បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «ប្រសិនបើអ្នកក្រឡេកមើលទិន្នន័យពិតប្រាកដ ទីភ្នាក់ងារ IEA កំពុងនិយាយថា អតិរេកប្រេងឆៅដែលពួកគេបានព្យាករគួរតែកើតមាននៅពេលនេះ»។
ទីន្នន័យពីទីភ្នាក់ងារ IEA បានបង្ហាញថា ស្តុកប្រេងសកលបានធ្លាក់ចុះ ៣៩,៣លានបារ៉ែលក្នុងខែតុលាដោយសារសកម្មភាពចម្រាញ់ប្រេងទាបស្របពេលដែលមានការកើនឡើងតម្រូវការប្រេងពិភពលោក។
ក្រុមអ្នកវិភាគមកពីក្រុមហ៊ុន JPMorgan បានឱ្យដឹងនៅក្នុងកំណត់សម្គាល់មួយថា តម្រូវការប្រេងសកលបានកើនឡើងយឺតជាងអត្រារំពឹងទុកក្នុងខែនេះប៉ុន្តែនៅតែមានភាពធន់ដដែល៕