(វ៉ាស៊ីនតោន)៖ ធនាគារពិភពលោកបានឱ្យដឹងនៅសប្តាហ៍នេះថា សេដ្ឋកិច្ចមីយ៉ាន់ម៉ានឹងធ្លាក់ចុះខ្លាំងក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន ដោយបានទម្លាក់ការព្យាកររបស់ខ្លួនចំពោះសេដ្ឋកិច្ចរបស់ប្រទេសនេះ ខណៈពេលមានទឹកជំនន់ធ្ងន់ធ្ងរគួបផ្សំនឹងបញ្ហាប្រឈមដែលបង្កឡើងដោយជម្លោះប្រដាប់អាវុធ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
កាលពីខែមិថុនា ធនាគារពិភពពោលបានព្យាករថា សេដ្ឋកិច្ចមីយ៉ាន់ម៉ានឹងកើនឡើង ១ភាគរយក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្នដែលនឹងបញ្ចប់នៅខែមីនាឆ្នាំ២០២៥ ប៉ុន្តែបានព្រមានពីការកើនឡើងភាពក្រីក្រនិងកាអំពើហឹង្សា។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថា ធនាគារពិភពលោកបានឱ្យដឹងថា៖ «កម្រិតនិងស្ថានភាពជម្លោះប្រដាប់អាវុធនៅតែខ្ពស់ដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវិតនិងជីវភាពរស់ បង្កការអាក់ខានដល់ផលិតកម្មនិងច្រវ៉ាក់ផ្គត់ផ្គង់ និងធ្វើឱ្យមានការកើនឡើងនូវភាពមិនប្រាកដប្រជាចំពោះចក្ខុវិស័យសេដ្ឋកិច្ច»។
ធនាគារបានឱ្យដឹងទៀតថា វិស័យជាច្រើននៃសេដ្ឋកិច្ចកំពុងជួបការលំបាក ហើយផលិតកម្មកសិកម្មទំនងជានឹងធ្លាក់ចុះដោយសារផលវិបាកដែលបង្កឡើងដោយព្យុះទីហ្វុងយ៉ាហ្គាដែលបានវាយប្រហារនៅខែកញ្ញា និងបណ្តាលឱ្យមានទឹកជំនន់រីករាលដាល។
ធនាគារពិភពលោកបានឱ្យដឹងទៀតថា៖ «វិស័យផលិតកម្មនិងសេវាកម្មត្រូវបានរំពឹងថានឹងធ្លាក់ចុះតិចតួចដោយសារកង្វះវត្ថុធាតុដើម ទំនិញនាំចូលនិងអគ្គិសនី តម្រូវការក្នុងស្រុកខ្សោយ និងផលប៉ះពាល់ជាបន្តនៃជម្លោះនិងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច»។
ធនាគារដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីណតោននេះបានបន្តថា អតិផរណាត្រូវបានរំពឹងថានឹងនៅតែមានកម្រិតខ្ពស់ ២៦ភាគរយនៃអត្រាប្រចាំឆ្នាំជាមធ្យមក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្នដែលទាបជាងបន្តិចធៀបនឹងអត្រា ២៧,៥ភាគរយក្នុងឆ្នាំសារពើពន្ធ២០២៣-២០២៤។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕