(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ «កម្ពុជាអង្គរអ៊ែរ» បានផ្លាស់ប្ដូរឈ្មោះទៅជា «អាកាសចរណ៍ជាតិកម្ពុជា» ដើម្បីជំរុញការផ្គត់ផ្គង់ និងប្រតិបត្ដិការ ឲ្យកាន់តែរីកចម្រើន ខណៈនៅឆ្នាំ២០២៥ខាងមុខនេះ ក្រុមហ៊ុនប្រកាសនាំចូលយន្ដហោះ ប្រភេទ ATR72-600 ចំនួន៣គ្រឿងបន្ថែមទៀត។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ «កម្ពុជាអង្គរអ៊ែរ» បានផ្លាស់ប្ដូរឈ្មោះទៅជា «អាកាសចរណ៍ជាតិកម្ពុជា» វិញ។

លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ឲ្យដឹងថា ការផ្លាស់ប្ដូរនេះ ដើម្បីបង្កើន និងជំរុញការផ្គត់ផ្គង់ និងប្រតិបត្ដិការ ក្រុមហ៊ុនអាកាសចរណ៍នេះ ឲ្យមានការរីកចម្រើន និងវិវត្ដន៍ទៅមុខ ស្របទៅតាមទស្សនៈទាន និងទីផ្សារ ក្នុងរយៈពេល៥ឆ្នាំ ទៅ១០ឆ្នាំខាងមុខនេះ។

បន្ថែមពីនោះទៀត លោក ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា ក្រុមហ៊ុនក៏មានផែនការ ក្នុងការដាក់បញ្ចូលនៃយន្ដហោះ​ប្រភេទ ATR72-600 ក្នុងឆ្នាំ២០២៥ ចំនួន៣គ្រឿង ដើម្បីពង្រឹង ពង្រីកកែលម្អទីផ្សារក្នុងស្រុក ក៏ដូចជាធ្វើឲ្យប្រសើរឡើង នូវការដឹកជញ្ជូនសេវាអ្នកដំណើរ នៅក្នុងប្រទេសកម្ពុជា និងសេវាដឹកអ្នកដំណើរ នៅក្នុងប្រទេសជិតខាង។

លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ទៅតាមផែនការ យន្ដហោះ ATR72-600 ទាំង៣គ្រឿងនេះ នឹងមកដល់ប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២៥ ដែលគ្រឿងទី១៖ អាចមកដល់នៅខែឧសភា និងគ្រឿងទី២​៖ នៅខែវិច្ឆិកា និងគ្រឿងទី៣៖ នៅខែធ្នូ។

សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ «កម្ពុជាអង្គរអ៊ែរ» គឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិតែមួយគត់ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៩។ ក្រុមហ៊ុនអាកាសចរណ៍ជាតិនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូនផ្លូវអាកាសទេសចរណ៍ជាតិ និងអភិវឌ្ឍសេដ្ឋកិច្ច ក្នុងរយៈពេល១៤ឆ្នាំកន្លងមកនេះ។

ក្រុមហ៊ុនបានបន្តពង្រីកការហោះហើរ ទៅកាន់គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ភ្នំពេញ សៀមរាប ព្រះសីហនុ ហាណូយ ហូជីមិញ ដាណាំង សៀងហៃ ក្វាងចូវ ហៃគូ ចិនចូវ និងវៀងចន្ទន៍ ហើយនឹងគ្រោងហោះហើរ ទៅកាន់គោលដៅជាច្រើនផ្សេងទៀត នាពេលឆាប់ៗខាងមុខ៕