(ក្រុងឡុងដ៍)៖ សេចក្តីសម្រេចរបស់តុលាការកំពូលរបស់អង់គ្លេសបានសម្រេចឱ្យពលករចំណាកស្រុកដែលចោទប្រកាន់ថា ពួកគេត្រូវបានគេបង្ខំឱ្យធ្វើការនៅរោងចក្រផលិតគ្រឿងបន្លាស់សម្រាប់ក្រុមហ៊ុនផលិតម៉ាស៊ីនបូមធូលីអង់គ្លេស Dyson នៅក្នុងប្រទេសម៉ាឡេស៊ីអាចប្តឹងក្រុមហ៊ុន Dyson នៅទីក្រុងឡុងដ៍បាន។ សេចក្តីសម្រេចនេះបានច្រានចោលសេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់ដែលសម្រេចឱ្យពួកគេប្តឹងនៅម៉ាឡេស៊ី។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ពលករចំណាយស្រុបចំនួន ២៤នាក់មកពីប្រទេសនេប៉ាល់និងបង់ក្លាដែសដែលក្នុងចំណោមនោះម្នាក់បានស្លាប់ ហើយអ្នកតំណាងរបស់គាត់បានប្តឹងក្រុមហ៊ុន Dyson Technology Ltd ក្រុមហ៊ុន Dyson Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Dyson នៅប្រទេសម៉ាឡេស៊ីនៅឆ្នាំ២០២២។

អ្នកប្តឹងទាំងនោះគឺជាពលករចំណាកស្រុកដែលបម្រើការងារឱ្យក្រុមហ៊ុនម៉ាឡេស៊ី ATA Industrial ឬក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់នេះ ដែលបានផលិតគ្រឿងបង្គុំសម្រាប់ផលិតផលក្រុមហ៊ុន Dyson។

មេធាវីរបស់ពួកគេបាននិយាយថា ពលករទាំងនោះត្រូវបានគេកាត់ប្រាក់ឈ្នួលដោយខុសច្បាប់ ហើយជួនកាលត្រូវបានគេវាយដំដោយសារមិនអាចសម្រេចការងារបានតាមគោលដៅដែលបានកំណត់ខ្ពស់ជ្រុលឱ្យពួកគេ។ ក្រុមមេធាវីទាំងនេះបានចោទប្រកាន់នៅក្នុងពាក្យបណ្ដឹងនៅតុលាការជាន់ខ្ពស់ទីក្រុងឡុងដ៍ថា ក្រុមហ៊ុន Dyson គឺជាអ្នកទទួលខុសត្រូវចុងក្រោយ។

ក្រុមហ៊ុន Dyson ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅប្រទេសម៉ាឡេស៊ីបានលុបចោលកិច្ចសន្យារបស់ខ្លួនជាមួយក្រុមហ៊ុន ATA ក្នុងឆ្នាំ២០២១ បានបដិសេធការចោទប្រកាន់របស់អ្នកដាក់ពាក្យប្តឹង ហើយបានប្រកែកថា បណ្តឹងណាមួយគួរតែត្រូវបានប្តឹងនៅក្នុងប្រទេសម៉ាឡេស៊ីជាជាងនៅចក្រភពអង់គ្លេស។

កាលពីឆ្នាំមុន តុលាការជាន់ខ្ពស់អង់គ្លេសបានទាត់ចោលសំណុំរឿងនេះ និងបានសម្រេចថា ក្រុមពលករចំណាកស្រុកទាំងនេះអាចប្តឹងនៅប្រទេសម៉ាឡេស៊ី។ ប៉ុន្តែសាលាឧទ្ធរណ៍បានបដិសេធការសម្រេចចិត្តនោះដោយនិយាយក្នុងសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរថា ទីក្រុងឡុងដ៍គឺជា «ទីតាំងដ៏ត្រឹមត្រូវនិងច្បាស់លាស់» សម្រាប់ការជំនុំជម្រះករណីទាំងនេះ។

អ្នកនាំពាក្យក្រុមហ៊ុន Dyson បាននិយាយថា៖ «នេះគឺជាសវនាការតាមនីតិវិធីដើម្បីកំណត់ទីកន្លែងចុងក្រោយដែលត្រូវជំនុំជម្រះករណី»។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖ «តុលាការជាន់ខ្ពស់សម្រេចត្រឹមត្រូវកាលពីឆ្នាំមុននៅក្នុងសេចក្តីសម្រេចរបស់ខ្លួនដែលបានពិចារណាដោយប្រុងប្រយ័ត្នថា វាគួរតែត្រូវបានជំនុំជម្រះនៅក្នុងប្រទេសម៉ាឡេស៊ី ហើយយើងមិនយល់ស្របនឹងសេចក្តីសម្រេចរបស់តុលាការឧទ្ធរណ៍នៅថ្ងៃនេះទេ»។ អ្នកនាំពាក្យដដែលនេះបានពន្យល់ថា ក្រុមហ៊ុន Dyson កំពុងពិនិត្យមើលជម្រើសផ្លូវច្បាប់របស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕